ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ផ្សព្វផ្សាយការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាម និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថមជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការី បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន និងឧបត្ថមស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ក្នុងរដូវបុណ្យផ្សេងៗ ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបានផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV – DTA ) ដើម្បីដកហូតអាវុធនយោបាយពីក្រុមប្រឆាំងកុំឲ្យមានលេសវាយប្រហារមកលើរាជរដ្ឋាភិបាលស្តីពីបញ្ហាCLV-DTA បានទៀត ។ កន្លងទៅពួកគេបានលេីកយកបញ្ហានេះ ក្នុងការគៀងគរប្រមូលផ្តុំកម្លាំង ដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកេីតចេញពីការបោះឆ្នោត ។ តែពួកគេត្រូវទទួលការបរាជ័យយ៉ាងអាម៉ាស់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងមក។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ នារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនទាំង១២ គ្រួសារ ដែលមានជីវភាពលំបាកខ្ខះខាតនៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។
អតីតយុទ្ធជន និងក្រុមគ្រួសារបានសូមប្រកាសគាំទ្រយ៉ាងពេញទំហុឹងនូវការសមរេចិត្តដ៍ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងនៅទូទាំងខេត្ត និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀង ឃ្លាតឡើង។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។