ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំស្នងការរង និងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តទេពនិម្មិត ហៅវត្តធម្មយុត្តិ ស្ថិតនៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង ដឹកនាំ លោក លោកស្រី ជាស្នងការរង និងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តទេពនិម្មិត ហៅវត្តធម្មយុត្តិ ស្ថិតនៅក្នុងភូមិ កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានបូជាផ្កាភ្ញី ទានធូប ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តទាំងប្រាំពីរសណ្ដាន និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ សូមបានសោយសុខនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបាននូវមគ្គផលគ្រប់ៗ គ្នា។
លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកស្រី បានប្រគេន ទ័យឲ្យទានវត្ថុ ជាឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនចំពោះព្រះសង្ឃ ដើម្បីឧបត្ថម្ភគាំទ្រ វិស័យព្រះពុទ្ធសាសនា ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឱ្យមានភាពរីកចម្រើនបន្ថែមទៀត ។
លោកស្នងការ បានបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ ថែរក្សា ថ្នាក់ដឹកនាំពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សេចក្តីសុខ សេចក្តីចម្រើនសម្បូរសប្បាយ និងធ្វើដំណើរទៅទីជិតទីឆ្ងាយ ជួបប្រទះតែសុខសុវត្ថិភាពគ្រប់ៗគ្នា ៕ អត្ថបទដោយ ស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។