ព្រះបុណ្ណញាណ ណិប អ៊ាន ដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ចុះសួរសុខទុក្ខម្ចាស់ផ្ទះ ដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនៅឃុំកំពង់ចិនត្បូង
(កំពង់ធំ)÷ ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបរិត្តកោសល្យ ព្រះអនុគណស្រុកស្ទោង បានដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង ចុះសួរសុខទុក្ខម្ចាស់ផ្ទះដែល អគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនៅ ភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំកាលពី រសៀលថ្ងៃសៅរ៍៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយពុំដឹងពីមូលហេតុច្បាស់លាស់ឡើយ។
ទាំងនេះសឱ្យឃើញពីការយកព្រះទ័យទុកដាក់ខ្ពស់របស់ព្រះអង្គចំពោះញាតិញោមពុទ្ធបរិស័ទក្នុងមូលដ្ឋានជាពិសេសពុទ្ធបរិស័ទដែលបានជួបឧបទ្ទវហេតុផ្សេងៗឬងាយរងហានិភ័យក៏ដូចជាជួបនូវឧបទ្ទហេតុភ្លើងឆេះផ្ទះដូចក្នុងឱកាសនេះជាដើម ហើយព្រះអង្គបានសម្តែងនូវព្រះទ័យចូលរួមសោកស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះដែលបានបាត់បង់នូវផ្ទះសម្បែងជាទីស្រឡាញ់ដែលធ្លាប់ផ្ដល់ទីជ្រោកកោននិងសេចក្តីសុខសប្បាយដល់ខ្លួន ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀតជាឧបទ្ទវហេតុដែលគ្មានអ្នកណាចង់ឃើញឬជួបប្រទះនោះឡើយ។
ជាមួយគ្នានេះ ព្រះអង្គបានបិណ្ឌបាត្រអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទក្នុងមូលដ្ឋានគ្រប់គេហដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវប្រព័ន្ធអគ្គិសនីជាពិសេសត្រូវមានការបិទបើកឬគ្រប់គ្រងច្បាស់លាស់ពេលម្ចាស់ផ្ទះមិននៅឬចេញក្រៅផ្ទះ ជាពិសេសប្រព័ន្ធអគ្គិសនីជាប្រព័ន្ធដែលត្រូវបានតភ្ជាប់បណ្ដាញដោយជាងដែលមានបច្ចេកទេសនិងសុវត្ថិភាពខ្ពស់។
ទន្ទឹមនឹងនេះដែរអាជ្ញាធរមូលដ្ឋានព្រមទាំងម្ចាស់ផ្ទះបានថ្លែងព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះ ព្រះអនុគណស្រុក និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោងដែលបាននិមន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់បច្ច័យមួយចំនួនដល់គាត់ដែលកំពុងរងគ្រោះអាសន្នអគ្គីភ័យនេះ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះខាងលើឈ្មោះ យឿន ផុន ផ្ទះឈើប្រក់ក្បឿងទំហំ ១២ * ៧ម៉ែត្រ បានខូចខាតផ្ទះទាំងស្រុងកាលពីយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥ ហើយព្រះអនុគណស្រុក និងសាលាអនុគណស្រុកស្ទោងបាន ជួយឧបត្ថម្ភនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យចំនួន ១,៨០០,០០០រៀល ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។