មន្ត្រីជាន់ខ្ពស់ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញបើកនិងបិទសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើលទ្ធផលនៃការសិក្សាខ្សែប្រវាក់តម្លៃវារីវប្បកម្មខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខេត្តកំពង់ធំ អញ្ជើញបើកនិងបិទសិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ លើលទ្ធផលនៃការសិក្សាខ្សែប្រវាក់តម្លៃវារីវប្បកម្មខេត្តកំពង់ធំ ស្ថិតនៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ នៃក្រក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម ហាវ វិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ឯកឧត្តមបណ្ឌិត នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ប្រធានឬតំណាងអង្គការ ជីអាយហ្សិត (GIZ) ប្រធាននិងបុគ្គលិកជំនាញពាក់ព័ន្ធ របស់អង្គការសៀដ (CIRD) អ្នកចិញ្ចឹមត្រី អ្នកភ្ញាស់និងផ្គត់ផ្គង់កូនត្រី អាជីវករ សហគ្រាសកែច្នៃត្រី ធុនតូចនិងមធ្យម ព្រមទាំង សហគ្រាសផលិតនិងផ្គត់ផ្គង់ចំណី និងថ្នាំព្យាបាលត្រី ផងដែរ។
ឯកឧត្តម ជា វា៉ន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈយុទ្ធសាស្រ្តគន្លឹះចំនួន៣គឺ៖ ១.ការកាត់បន្ថយការពឹងផ្អែកលើការនាំចូល៖ ត្រូវជំរុញ និងទាក់ទាញការវិនិយោគលើស្ថានីយភ្ញាស់កូនត្រី និងរោងចក្រផលិតចំណីក្នុងខេត្ត ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធានាគុណភាពកូនត្រីជូនកសិករ។ ២.ការផ្លាស់ប្តូរទៅជាវារីវប្បកម្មវៃឆ្លាត និងបៃតង៖ ជំរុញការចិញ្ចឹមត្រីតាមប្រព័ន្ធ ដែលប្រើប្រាស់ទឹកតិចជាងមុនរហូតដល់ ៩០% ជួយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងទឹកជំនន់។ ៣.ពង្រឹងយន្តការទីផ្សារ និងស្តង់ដារ ៖ ត្រូវចងក្រងបណ្ដុំវារីវប្បករឱ្យទៅជា «សហគមន៍កសិធុរកិច្ច» និងជំរុញការធ្វើកសិកម្មកិច្ចសន្យា ជាមួយក្រុមហ៊ុនចំណី និងសហគ្រាសកែច្នៃ ដើម្បីធានាស្ថិរភាពតម្លៃ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារសម្រាប់ការនាំចេញ។
មានប្រសាសន៍នៅក្នុងពិធីនេះឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថាសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ គឺជាឱកាសមាសសម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមវិភាគទាន និងផ្តល់ធាតុចូលប្រកបដោយប្រយោជន៍ដល់ដំណើរការនៃគម្រោងអភិវឌ្ឍន៍ សួនកសិ-ឧស្សាហកម្មនវានុវត្តន៍ទន្លេសាប (TS-AIIP) សូមរំលេចនូវចំណុចសំខាន់ៗមួយចំនួនអំពីគម្រោងនេះ ដើម្បីឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីទិសដៅរួម៖ ១.គម្រោង ជាសួនឧស្សាហកម្មប្រកបដោយនវានុវត្តន៍ ដែលដាក់បញ្ចូលខ្សែច្រវាក់ ផលិតកម្មស្រូវ-ត្រីទាំងមូល ចាប់ពីកសិដ្ឋានភ្ញាស់ពងត្រី រោងចក្រផលិតចំណី និងខ្សែច្រវាក់ផលិតជី ស្រះចិញ្ចឹមត្រី ដីស្រែ និងតំបន់ដីសើមចមោះទឹក ឱ្យដំណើរការជាប្រព័ន្ធអេកូឡូស៊ី។ ២.គម្រោងនេះនឹងជួយកាត់បន្ថយការនាំចូលត្រីពីបរទេស ដោយពង្រឹងការផ្គត់ផ្គង់ ក្នុងស្រុកឱ្យមានស្ថិរភាព និងគុណភាពខ្ពស់។ ៣.គម្រោងនេះមិនគ្រាន់តែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែជាការវិនិយោ គលើធនធានមនុស្ស។ ៤.ប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថានដ៏តឹងរ៉ឹង នឹងធានាថាទឹកត្រូវបានសំអាត និងប្រើប្រាស់ឡើងវិញ មុនពេលបញ្ចេញទៅកាន់ប្រព័ន្ធទន្លេសាប។ ៥.ការសិក្សាខ្សែច្រវាក់តម្លៃវារីវប្បកម្មនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីឱ្យយើងយល់ឱ្យបានច្បាស់ពីសក្តានុពល បញ្ហាប្រឈម និងឱកាសនៃវិស័យ ចិញ្ចឹមត្រី និងកែច្នៃនៅក្នុងខេត្តរបស់យើង។
ជាចុងក្រោយឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការជី អាយ ហ្សិត(GIZ )និង អង្គការ សុី អាយ អ ឌី (CIRD )ដែលបានសហការរៀបចំ និងគាំទ្រសិក្ខាសាលានេះ។ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អ្នកចិញ្ចឹមត្រី អាជីវករ និងដៃគូពាក់ព័ន្ធទាំងអស់ សូមកុំស្ទាក់ស្ទើរក្នុងការចែករំលែកបទពិសោធន៍ នានា និងសំណូមពររបស់បងប្អូន។ សិក្ខាសាលានេះនឹងផ្តល់លទ្ធផលដ៏ផ្លែផ្កា និងជាការចាប់ផ្តើមដ៏ល្អសម្រាប់ការអនុវត្តគម្រោង TS-AIIP ប្រកបដោយជោគជ័យ គម្រោងនេះក្លាយជាគំរូសម្រាប់កម្ពុជា ក្នុងការរីកចម្រើនប្រកបដោយភាពបៃតង ឆ្លាតវៃ និងចីរភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។















![]()
