មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជំរុញឱ្យមានយុទ្ធនាការផ្សព្វផ្សាយអាហារសុខភាពតាមគ្រឹះស្ថានសិក្សា ឆ្លើយតបនឹងការគំរាមកំហែង នៃជំងឺមិនឆ្លងនាពេលបច្ចុប្បន្ន
(កំពង់ធំ)÷ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា តំណាងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងសហការី បានសហការជាមួយលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) ព្រះសង្ឃ លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សប្រមាណ១,២០៣អង្គ /នាក់ នៅសាលាបឋមសិក្សាចំនួន០៣ គឺបឋមសិក្សាមាសគង់ បឋមសិក្សាសិរីសាមគ្គី និងបឋមសិក្សាប្រាំងសំរោង ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ពិធីនេះប្រព្រឹត្តទៅនៅបរិវរនសាលាបឋមសិក្សាប្រាំងសំរោង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
បន្ទាប់ពីលោកនាយកសាលាបឋមសិក្សាប្រាំងសំរោង បានឡើងរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សាលារួចមក លោកស្រី ព្រហ្ម សោភា មេឃុំច្រនាង និងជាតំណាងអជ្ញាធរដែនដី បានថ្លែងអំណរគុណដល់ដល់អង្គភាពពាក់ព័ន្ធ ពិសេសមាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ដែលបានរៀបចំពិធីតាំងពិព័រណ៍អាហារសុខភាព ដែលបានមកពីកសិផលសហគមន៍នាពេលនេះ។ លោកស្រីបានសំណូមពរដល់មាតាបិតាទាំងអស់ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាពកូនៗ ពិសេសលើបញ្ហាជំងឺមិនឆ្លង ដែលកំពុងគំរាមកំហែងអាយុជីវិតប្រជាជន។
ជាមួយគ្នានោះ លោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា អង្គការហេលែន ខេលល័រអន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានសហការជាមួយមន្ទីរអប់រំ ការិយាល័យអប់រំស្រុកគោលដៅ និងអនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន៤០ ក្នុងខេត្តកំពង់ធំ ដោយឡែកនៅស្រុកតាំងគោក១៤សាលា ដែលយើងកំពុង និងបានរៀបចំពិធីតាំងពិព័រណ៍អាហារសុខភាព ការវាស់ស្ថានភាពអាហារូបត្ថម្ភជូនមាតាបិតា និងសិស្សានុសិស្ស ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែម ពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាព ដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា បានសម្តែងនូវអំណរគុណ និងកោតសរសើរ ដ៏ស្មោះស្ម័គ្របំផុតចំពោះ អជ្ញាធរដែនដី មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងទទួលខុសត្រូវរៀងៗខ្លួន ប្រកបដោយជោគជ័យ គួរជាទីមោទនៈ និងសូមកោតសរសើរ ចំពោះការចូលរួម និងការជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាង របស់គ្រួសារ សហគមន៍ អាជ្ញាធរដែនដី សប្បុរសជន និងដៃគូរអភិវឌ្ឍទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ ក្រោមពាក្យស្លោក « ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ »។ បានគូសបញ្ជាក់ថាក្រោមកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈអង្គការហេលែន ខេលល័រអន្តរជាតិ ។ ជាមួយគ្នានោះ លោកប្រធានការិយាល័យបានអរគុណដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងពិសេស អង្គការHelen Keller ក្នុងការរៀបចំតាំងពិព័រណ៍អាហារសុខភាព ដែលបានមកពីកសិផលសហគមន៍ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពកុមារដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ អត្ថបទ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី
















![]()
