អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក ថន ពុទ្ធា អភិបាលរងស្រុក តំណាង អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់ស្វាយ បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកព្រិន្ទបាលឯក ធន ធឿន បានរៀបរាប់ថា៖ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៥ នៅអតីតអង្គភាពកងវរសេនាតូចលេខ ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានរបួសជើងឆ្វេង ដងខ្លួន និងក្បាល ក្នុងសមរភូមិអូរពោធិ ស្រុករវៀង ខេត្តព្រះវិហារ នៅឆ្នាំ១៩៩៧ ។ បច្ចុប្បន្នគាត់ប្រកបមុខរបរធ្វេីស្រែ និងនេសាទត្រីបន្តិចបន្តួច គ្រាន់បានប្រាក់កម្រៃបន្ថែម គួបផ្សំនឹងប្រាក់បៀវត្សរ៍ប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។ ហើយភរិយារបស់គាត់ធ្វើកម្មករកាត់ដេរ នៅរាជធានីភ្នំពេញ តែក្រុមគ្រួសារគាត់មានជម្រកស្នាក់នៅមិនសមរម្យ ដោយមានកូនកំពុងសិក្សារៀនសូត្រនៅក្នុងបន្ទុកចំនួន ៤នាក់ ទៀតផង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៧២ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុនក៏បាននាំយកនូវស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកា ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោកព្រិន្ទបាលឯក ធន ធឿន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។
លោក ថន ពុទ្ធា អភិបាលរងស្រុក តំណាងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងជាតំណាងឲ្យក្រុមគ្រួសារអតីតយុទ្ធជនពិការ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង ដែលជាខ្នងផ្ទះទី ៧២ នៅស្រុកកំពង់ស្វាយ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់អតីតយុទ្ធជនពិការ នាពេលនេះ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យអ៊ុមញឹប។










![]()
