លោក ឃីម សុខឃាង ផ្ដាំផ្ញើដល់យុវជន និងសិស្សានុសិស្ស ត្រូវស្គាល់តួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពល
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងយុវជន នៅវិទ្យាល័យតាអោក ក្នុងឱកាសប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា។
ពិធីនេះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តសិរីមង្គល, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ និងឃុំ លោកនាយក លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យតាអោក និងសាលាបឋមសិក្សាតាអោកយ៉ាងច្រើនកុះករ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោក ឌួង វ៉ិត នាយកវិទ្យាល័យតាអោក និងការអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក ប៉ែន សុផាត នាយករដ្ឋបាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូររួចមក លោក ឃីម សុខឃាង បានមានមតិសំណេះសំណាលយ៉ាងស៊ីជម្រៅ ដោយបានលើកឡើងអំពីអត្ថន័យនៃការប្រារព្ធទិវាកុមារអន្តរជាតិ ដែលផ្ដោតសំខាន់លើ៖ ការផ្ដល់គុណតម្លៃលើកុមារ។ ការយល់ដឹង និងរួមគ្នាទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាលើកុមារ។ ការស្វែងរកវិធីសាស្ត្រនានាដើម្បីបញ្ចៀសអំពើហិង្សាលើកុមារគ្រប់ទម្រង់។
ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះដែរ លោកអភិបាលស្រុកប្រាសាទសំបូរ បានសង្កត់ធ្ងន់ថា យុវជនគឺជាអ្នកបន្តវេនដ៏សំខាន់បំផុត ដែលត្រូវតែស្គាល់តួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការជួយកិច្ចការសង្គម។
លោកបានផ្ដល់ការណែនាំ និងផ្ដាំផ្ញើនូវចំណុចគន្លឹះចំនួន៤ដូចខាងក្រោម៖ ១ ការអភិវឌ្ឍសមត្ថភាព៖ ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងជំនាញថ្មីៗជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យទាន់ការវិវត្ត នៃសង្គមជាតិ។ ២ ការចូលរួមជួយការងារសង្គម៖ ត្រូវមានស្មារតីស្ម័គ្រចិត្ត ចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ខ្លួន។ ៣ ការបណ្ដុះគំនិត និងចែករំលែកចំណេះដឹង៖ ត្រូវចេះបង្កើតគំនិតវិជ្ជមាន ឆ្នៃប្រឌិត និងនាំគ្នាពង្រីកវប្បធម៌នៃការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗទៅកាន់អ្នកដទៃ។ ៤ សីលធម៌បុគ្គល និងការអត់ធ្មត់៖ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅល្អបរិសុទ្ធ មានការគោរពចាស់ទុំ ហើយត្រូវផ្សារភ្ជាប់ខ្លួនឯងទៅនឹងការអត់ធ្មត់ តស៊ូជម្នះរាល់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ.ពិនិត្យអ៊ុមញឹប។












![]()
