រដ្ឋបាលខេត្តកំពង់ធំជម្រុញឲ្យសហគមន៍ចិញ្ចឹមជ្រូកកណ្តុរពង្រឹងសម្ថភាពខ្លួនឲ្យរឹងមាំដើម្បីបន្តនិរន្តរភាពសំរាប់សហគមន៍ទាំងមូល
(កំពង់ធំ)៖ លោក យស បញ្ញារិទ្ធ នាយករងរដ្ឋបាលខេត្តបានជំរុញនិងលើកទឹកចិត្តដល់សហគមន៍ព្រៃឈើជនជាតិដើមភាគតិចកួយតាមរយៈការបង្កើតធនាគារជ្រូកកណ្តុរ នៅសហគមន៍ព្រៃឈើអូសោម ត្រូវពង្រឹងសមត្ថភាពនិងសហការគ្នាឲ្យបានល្អដើម្បីបន្តនិរន្តរភាពឲ្យបានស្ថិតស្ថេរសំរាប់លើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ទាំងមូល។
លោកបានថ្លែងដូចនេះក្នុងពិធី បើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំងពីការអនុវត្តគម្រោង កែលម្អជីវភាពរបស់ជនជាតិដើមភាគតិចកួយ តាមរយះការបង្កើតធនាគារជ្រូកកណ្តុរនៅសហគមន៍ព្រៃឈើអូសោម ដែលរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា AFD ក្រោមជំនួយគាំទ្រពីគម្រោងខ្នាតតូចនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៦ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកបានថ្លែងអំណរអរគុណដល់អង្គការ AFD ដែលបានជួយជ្រោមជ្រែងដល់សហគមន៍ទាំងផ្នែកបច្ចេកទេស និងសម្ភារៈដើម្បីឲ្យសហគមន៍មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតធនាគារជ្រូកកណ្តុរនេះឡើងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍ឲ្យកាន់តែប្រសើរឡើង។
លោកបានកោតសរសើរដល់កសិករដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍គម្រោងធនាគារជ្រូកកណ្តុរនេះជាពិសេសប្រធានសហគមន៍ដែលបានសហការគ្នាបានល្អក្នុងការចូលរួមតាមដាននិងវាយតម្លៃប្រកបដោយការទទួលខុសត្រវខ្ពស់ដែលបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការសម្រេចគោលដៅរួមសំរាប់សហគមន៍ទាំងមូល។
លោកបន្តទៀតថាក្នុងនាមរដ្ឋបាលខេត្តលោកចង់ឃើញសហគមន៍ទាំងមូលរឹងមាំនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តនិរន្តរភាពនៅពេលនេះនិងនៅពេលដែលគម្រោងរបស់អង្គការបានបញ្ចប់ទៅ។ លោកបញ្ជាក់បន្ថែមថាលោកមិនចង់ឃើញពេលគម្រោងចប់សហគមន៍ចប់ដែនោះទេហើយ នេះជាអ្វីដែលយើងទាំងអស់គ្នាត្រូវតែគិតគូរឲ្យបានត្រឹមត្រូវនិងមានចក្ខុវិស័យឆ្ពោះទៅមុខ។
លោក យស បញ្ញារិទ្ធ សង្ឃឹមថាសហគមន៍ចិញ្ចឹមជ្រូកកណ្តុរនេះនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តការអនុវត្តសកម្មភាពបន្តទៅមុខទៀតទោះបីជាគម្រោងត្រូវបានបញ្ចប់។ ហើយត្រូវតែសំឡឹងមើលទៅលើការប្រកួតប្រជែងលើទីផ្សារទើបយើងអាចសម្រេចបានគោលដៅរបស់យើង និងសហគមន៍ទាំងមូលប្រកបដោយមោទនភាព។
លោក សោម សុភ័ក្រ នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា AFD បានលើកឡើងថាគោលបំណងនៃកម្មវិធីសិក្ខាសាលាថ្ងៃនេះគឺដើម្បី÷
១. ចែករំលែកនឹងឆ្លុះបញ្ចាំងពីលទ្ធផលនៃគម្រោងធនាគារជ្រូកកណ្តុរ ដែលអនុវត្តដោយសហគមន៍អូសោម។
២. កំណត់មេរៀន បទពិសោធន៍និងអនុសាសន៍សម្រាប់អនុវត្តន៍គម្រោងដោយចេរភាពក្រោយគម្រោងនេះត្រូវបានបញ្ចប់។
៣. ផ្ទេរសមិទ្ធផលគម្រោងជូនទៅគណៈកម្មការព្រៃឈើអូរសោម និងគណកម្មការចិញ្ចឹមជ្រូកកណ្តុរដើម្បីគ្រប់គ្រងបន្ត។
លោកបានសង្កត់ធ្ងន់ថាក្នុងវគ្គសិក្ខាសាលានេះបានឆ្លុះបញ្ចាំងនឹងផ្តល់ធាតុចូល ភាពងាយស្រួលបញ្ហាប្រឈមនានាក្នុងការអនុវត្តន៍កន្លងមចំពោះគម្រោងចិញ្ចឹមជ្រូកកណ្តុរក្នុងសហគមន៍ព្រៃឈើអូរសោម ព្រមទាំងជួយជ្រោមជ្រែងនិងជម្រុញបន្ថែមដល់គណកម្មការព្រៃឈើ និងគណកម្មការចិញ្ចឹមជ្រូកកណ្តុរសំរាប់ការអនុវត្តគម្រោងបន្តប្រកបដោយចេរភាព។


























![]()
