លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវថ្មី និងស្ពានថ្មថ្មី ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោង បានលើកឡើងថា ស្ពានថ្មថ្មីប្រវែង ៦០ម៉ែត្រ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យជាក់ស្ដែងក្នុងការត្រៀមលក្ខណៈធ្វើស្ពានថ្មីនៅក្នុងភូមិអូដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ឆ្លងកាត់ស្ទឹងស្ទោង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថាស្ពានថ្មថ្មីនេះពិតជាមានសក្តានុពលនិងចាំបាច់ក្រៃលែងសម្រាប់ការធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងឃុំម្សាក្រង ដែលជំនួសស្ពានឈើចាស់មានសភាពទ្រុឌទ្រោមខ្លាំង ដែលជាការគិតគូយកចិត្តទុកដាក់ស្វះស្វែងខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបានស្ពានថ្មីជូនពុកម៉ែបងប្អូនបានប្រើប្រាស់ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន បានដោយសុខសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សជាងមុនថែមទៀត។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកស្ទោង ខេត្តកំពង់ធំទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាន គិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្ដល់ស្ពានថ្មថ្មីជាចំណងដៃសម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង ស្រុកស្ទោងទាំងមូលបានធ្វើដំណើរ ឆ្លងកាត់ស្ទឹងស្ទោងបានងាយស្រួល សុវត្ថិភាព និងប្រសើរជាងមុន។
សូមបញ្ជាក់ថា ផ្លូវថ្មីនេះមានប្រវែង ៥,៣00ម៉ែត្រ តភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង ហើយស្ពានថ្មីនេះមានទទឹងប្រវែង៨ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោងនៅក្នុងភូមិអូរដូង ជំនួសស្ពានឈើចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយនឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង
ពិនិត្យដោយ ទៀក យ៉ុហ៊ន




















![]()
