សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ ២០២៥ ក្រោមប្រធានបទ(រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ)
(កំពង់ធំ)÷ ឯកឧត្តម នួនផារ័ត្ន ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី លំ គន្ធារី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត បានបរិច្ចាគថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម នួនផារ័ត្ន បានថ្លែងថា ដោយយោងតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រារព្ធឡើងក្រោមមូលបទ៖ (រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មាន សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ)។
ឯកឧត្តមប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូមអំពាវនាវ ចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារជូនសាខាកាកបាទក្រហមខេត្តកំពង់ធំ ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ សូមប្រសិទ្ធពរបវរសួស្តី មហាប្រសើរ និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម នួនផារ័ត្ន ប្រធានគណៈកម្មាធិការកម្ពុជាខេត្តកំពង់ធំ សូមសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តាមរយៈក្រុមប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។
បញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី លំ គន្ធារី អភិបាលរងខេត្តប្រធានមន្ទីរជុំវិញខេត្ត បានបរិច្ចាគថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផងដែរ។ អត្ថបទលោក ធូកែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។