ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន និងក្រុមការងារបានចុះទៅសួរសុខទុក្ខ និងប្រគេនអំណោយមនុស្សធម៌ជូនដល់ព្រះគ្រូចៅអធិការវត្ដ សែនសិរី (ហៅវត្តក្ដីសែន)ដែលរងគ្រោះដោយភ្លើងឆេះកុដិ១ខ្នង នៅសង្កាត់ស្រយ៉ូវ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
លោក ពេញ កែម អភិបាលក្រុង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ព្រមទាំងសមាជិកអនុសាខា បានចុះទៅសួរសុខទុក្ខ និងប្រគេនអំណោយជូនដល់ព្រះគ្រូចៅអធិការវត្ដ សែនសិរី (ហៅវត្តក្ដីសែន)ដែលរងគ្រោះដោយភ្លើងឆេះកុដិ១ខ្នង មូលហេតុឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមរបាយការណ៍របស់លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ថា ភ្លើងឆេះកុដ១ខ្នង ថ្មក្រោមឈើលើ មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជញ្ជាំងក្ដារ ដំបូងគ្បឿងក្រាលក្ដារ និងសម្ភារមួយចំនួន មូលហេតុដោយសារ ឆ្លងចរន្ដអគ្គិសនី កាលពីវេលាម៉ោង២ និង០៥នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា សម្ភារដែលប្រគេនរួមមាន៖ អង្ករ២៥គីឡូក្រាម តង់១ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ធុងទឹក១ ឆ្នាំង២ កំសៀវទឹក១ ចានដែក១ មុង១ ភួយ១ ចាន ស្លាបព្រា និងថវិកាចំនួន ៣០០,០០០រៀល ក្នុងនោះថវិកាលោកប្រធានអនុសាខាកាកបាទក្រហមក្រុងចំនួន១០០,០០០រៀលផងដែរ។ អត្ថបទរដ្ឋបាលក្រុងស្ទឹងសែន-ពិនិត្យដោយអ៊ុមញឹប។