នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងនូវការកោតសរសេីរដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជាខេត្តមួយគំរូ ក្នុងការបម្រើអតីតយុទ្ធជនក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅ
ខេត្តកំពង់ធំ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលជាខេត្តមួយគំរូ នៅក្នុងទូទាំងប្រទេស ក្នុងការធ្វើសកម្មភាពបម្រើអតីតយុទ្ធជន ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅ ដែលប្រសាសន៍នេះត្រូវបានលេីកឡេីងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង នៅទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅខេត្តកំពង់ធំ ដែលមានចំនួន ៦.១៥១នាក់ ក្នុងនោះ អតីតយុទ្ធជន មានចំនួន ៤,០៥៥នាក់ និងនិវត្តជនជាអតីតមន្ត្រីរាជការសុីវីលមានចំនួន ២,០៩៦នាក់។ ក្នុងចំនួនខាងលើនេះ មានអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះចំនួន ២៤១គ្រួសារ ហើយក្នុងចំនួននេះ យើងបានសាងសង់ផ្ទះ និងផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំជាមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ដែលមានឈ្មោះថា មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ នៅសល់ ៣៥ គ្រួសារទៀត កំពុងត្រួតពិនិត្យបច្ចុប្បន្នភាព ។ ដោយឡែក អតីតយុទ្ធជនដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ២០២៥ និង ឆ្នាំ២០២៦នេះ មានចំនួន ៧៧គ្រួសារ ក្នុងនោះ ៤០ គ្រួសារបានសាងសង់ផ្ទះជូនគាត់រួចហេីយ នៅដើមឆ្នាំ២០២៦នេះ និងនៅសល់ចំនួន ៣៧គ្រួសារ ទៀត កំពុងធ្វើការត្រួតពិនិត្យបច្ចុប្បន្នភាពឡើងវិញ ឲ្យបានច្បាស់លាស់បន្ថែមទៀត ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន អតីតប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលដែលបច្ចុប្បន្នជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជាងមួយទសវត្សរ៍កន្លងទៅ បានខិតខំប្រឹងប្រែង រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន បានយ៉ាងល្អប្រសើរ ដែលចាត់ទុកថា ជាខេត្តមួយគំរូ ក្នុងសកម្មភាពបម្រើអតីតយុទ្ធជននៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៍បានថ្លែងនូវការអរគុណចំពោះឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ក្នុងការដោះស្រាយនូវការលំបាកនានា របស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តកំពង់ធំ ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៍បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ចជូនដល់គ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្លូវ ទឹក ភ្លេីង នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង និងការបម្រើសេវាសាធារណ:ផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនយេីង នៅទូទាំងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត ។អត្ថបទតំបន់ប្រតិបត្តិការសុខរងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប







![]()
