ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី ក្រោយពេលទទួលបានផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដេីម្បីអបអរសាទរខួបលើកទី ១៩ ទិវាអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជា អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកស្រី អ៊ុល សុខនី ដែលជាភរិយាអតីតយុទ្ធជនពលី នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងទៅនេះ លោកស្រី អ៊ុល សុខនី ដែលជាភរិយាសពអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការអ ន ក ជូនគាត់រួចមកហើយ ហើយគាត់មានសេចក្តីរំភើបចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន និងមិននឹកស្មានថាមានថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារគាត់ ត្រូវខិតខំថែរក្សាសុខភាព មើលថែរក្សាផ្ទះសម្បែងឲ្យបានល្អ សម្រាប់ការរស់នៅយូរអង្វែងតកូនតចៅ នឹងត្រូវចូលរួមជាមួយអាជ្ញាធរដែនដី អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការងារសង្គមផ្សេងៗទៀត ប្រកបដោយសេចក្តីថ្លៃថ្នូរ សមស្របជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។
នៅក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនលោកស្រី អ៊ុល សុខនី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៎.ពិនិត្យដោយអ៊ុមញឹប។










![]()
