លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ និងប្រឡាយទឹក ជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា សម្រេចបានប្រមាណ ៧៥ភាគរយ ក្នុងភូមិសាស្ត្រឃុំបន្ទាយស្ទោង
(កំពង់ធំ)÷ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង តំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ និងការស្តារប្រឡាយស្រោចស្រពចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា សមិទ្ធផលដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា សម្រេចបានប្រមាណ៧៥% រួមមាន៖ ផ្លូវលំ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិពោធិ៍ ភូមិចន្លុះ ទៅភូមិរលួស ភូមិតាម៉ើ និងភូមិបរវែង ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្សទៅសាលាបឋមសិក្សាបេង។ ទន្ទឹមនឹងនេះ ការស្តារប្រឡាយ ២ខ្សែ ប្រវែងសរុប១៥០០ម៉ែត្រ នឹងជួយនាំទឹកពីស្ទឹងស្ទោងសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកសិករក្នុងឃុំទាំងមូល។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារគ្រប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ព្រមទាំងបានសង្កត់ធ្ងន់លើការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយុទ្ធសាស្ត្រ «ពង្រឹងកម្លាំងចាស់ ពង្រីកកម្លាំងថ្មី» ដើម្បីត្រៀមដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
ជាចុងក្រោយ លោកក៏បានចុះសួរសុខទុក្ខ និងជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយស្ទោង បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុខសុវត្ថិភាព និងសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។











![]()
