អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សពូកែទូទាំងប្រទេស
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៣ លើមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩ និងចំណាត់ថ្នាក់ទី៤ មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី១២ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្ស នៅអគាររដ្ឋបាលខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីជាសិស្សពូកែទូទាំងប្រទេស ដោយចាត់ទុកថា នេះគឺជាមោទនភាព និងកិត្តិយសដ៏ធំធេងសម្រាប់អាណាព្យាបាល សាលារៀន លោកគ្រូ អ្នកគ្រូ ក៏ដូចជាកិត្តិយសរួមរបស់ខេត្តកំពង់ធំទាំងមូលផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា ភាពជោគជ័យរបស់សិស្សានុសិស្ស គឺជាលទ្ធផលនៃការខិតខំរៀនសូត្រ ការយកចិត្តទុកដាក់ពីសំណាក់មាតាបិតា និងការខិតខំបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជំរុញឱ្យសិស្សានុសិស្សបន្តខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពបន្ថែម ជាពិសេសការសិក្សាលើបច្ចេកវិទ្យាទំនើបៗ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ស្របតាមការវិវត្តនៃយុគសម័យឌីជីថល។
ឯកឧត្តម បានបញ្ជាក់ទៀតថា វិស័យអប់រំ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាព គុណវុឌ្ឍិ និងសីលធម៌ល្អ។ វិស័យនេះ គឺជាសសរទ្រូងដ៏រឹងមាំសម្រាប់ការកសាងសង្គមជាតិ និងជាមូលដ្ឋានសំខាន់ក្នុងការឆ្ពោះទៅរកអនាគតប្រកបដោយការរីកចម្រើន និងចីរភាពសម្រាប់ប្រទេសកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានថ្លែងអំណរគុណដល់អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលតែងយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្តកូនៗឱ្យខិតខំសិក្សារៀនសូត្រ។ ឯកឧត្តម ក៏បានស្នើឱ្យបន្តគាំទ្រ និងអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានចំណេះដឹងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន និងបានប្រគល់ប័ណ្ណសរសើរដល់សិស្សឆ្នើមទាំង២រូប និងបានថតរូបអនុស្សាវរីយ៍រួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយភាពកក់ក្តៅ៕ អត្ថបទ រិទ្ធី








![]()
