ពិធីសម្ពោធដំណើរការគម្រោងបណ្តុះបណ្តាល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មនៃសហគ្រាសក្រៅប្រព័ន្ធ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤
(កំពង់ធំ)÷ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា(CPMEC) ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក ទិត្យ កំរង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឬទ្ឋិពល និងជាស្ថាបនិកអេបកត់លុយ លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ((SDF)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកចលនាភូមិមួយផលិតផលមួយ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងសិប្បកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដំណើរការគម្រោងបណ្តុះបណ្តាល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មនៃសហគ្រាសក្រៅប្រព័ន្ធ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤នា រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា(CPMEC) បានបង្ហាញពីគោលបំណង៖ពិធីសម្ពោធដំណើរការគម្រោង កម្មវិធីបណ្តុះបណ្តាល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្មនៃសហគ្រាសក្រៅប្រព័ន្ធ ដែលទទួលថវិកាបដិភាគក្នុងការបណ្តុះបណ្តាលជំនាញពីមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) អនុវត្តគម្រោងដោយ ក្រុមហ៊ុនឫទ្ធិពល ឯ.ក (Rithipul Co., Ltd) សហការជាមួយសភាមុខរបរ និងមីក្រូសហគ្រាស (CPMEC) និងគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ(OVOP) និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងអាជីវកម្មនៃសហគ្រាសក្រៅប្រព័ន្ធ និងអត្ថប្រយោជន៍នៃមូលនិធិអភិវឌ្ឍន៍ជំនាញ ការអនុវត្តគម្រោងឱ្យចំគោលដៅ និងតម្រូវការ ដើម្បីរួមចំណែកលើកកម្ពស់ការ អភិវឌ្ឍជំនាញឱ្យកាន់តែមានភាពទូលំទូលាយ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨របស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ផល សុជាតិ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលដែលទទួលបានមូលនិធីបដិភាគពីមូលនិធិអភិវឌ្ឍន៍ជំនាញ SDF បានផ្តោតទៅលើមុខជំនាញមួយចំនួនមាន÷ ១.ការគ្រប់គ្រងលុយកាក់។ ២. ជំនាញលក់ និងជំនាញទន់។ ៣.មូលដ្ឋានគ្រឹះឌីជីថល។
ដោយមុខជំនាញទាំងនេះបាននឹងកំពុងបណ្តុះបណ្តាលដល់សហគ្រិនជាសមាជិកភូមិមួយផលិតផលមួយ និងសមាជិករបស់សេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួន១៥០នាក់ និងគ្រោងពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗ ទៀត។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់រវាងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សភានិងមុខរបរ និង មជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល។ គឺជាឱកាសមួយដែលនឹងជួយបង្កើតសមត្ថភាពដល់មូលដ្ឋានអាជីវកម្មតាមមូលដ្ឋាន។
គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានចូលរួមចែកវិញ្ញាបនបត្រជូនសមាជិកដែលបានទទួលស្គាល់ក្នុងឆ្នាំ២០២៤ ចំនួន២៤សហគ្រាស។ កន្លងមកនៅក្នុងខេត្តកំពង់ធំយើងបានទទួល ស្គាល់សហគ្រាសចំនួន២១រួចមកហើយ សរុបសហគ្រាសដែលបានទួលស្គាល់ចំនួន៤៥សហគ្រាស។ កិច្ចការចុះបញ្ជីទទួលស្គាល់សមាជិកយើងនឹងធ្វើជាបន្តបន្ទាប់។ អត្ថប្រយោជន៍នៃការចូលជាសមាជិករួមមាន ការជួយស្វែងរកទីផ្សារ ការជួយផ្តល់បច្ចេកទេស និងឈានទៅដាក់ផ្កាយផលិតផលដែលធានាបាននូវគុណភាព ឈនទៅការពង្រីកអាជីវកម្មរបស់ពួកគាត់ ឯកឧត្តមបានស្ដាំផ្ញើដល់សហគ្រាសទាំងអស់ជួយពង្រឹងនូវសុច្ចរិតភាព ទើបទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគាត់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។