ឯកឧត្តម ចាន់ ស៊ីណាត បានថ្លែងថាអណ្ដូងទឹកថ្មី និងផ្លូវបេតុងថ្មីជួយឱ្យសុខភាពសុខុកុមាលភាព ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឃុំចំណាលើ កាន់តែប្រសើរឡើង
(កំពង់ធំ)÷ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានលើកឡើងថា អណ្ដូងទឹកថ្មី និងផ្លូវបេតុងថ្មី ជួយឱ្យសុខភាពសុខុកុមាលភាព ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅឃុំចំណាលើកាន់តែប្រសើរឡើង ឯកឧត្តមបានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តម និងសហការី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងថ្មី និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងឃុំចំណាលើ ស្រុកស្ទោ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៥។
ឯកឧត្តម បានសង្កត់ធ្ងន់ថាអណ្តូងទឹកថ្មីនេះ នឹងជួយឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានទឹកប្រើប្រាស់គ្រប់គ្រាន់ដែលជាការឆ្លើយតបទៅនឹងកង្វះខាត់ទឹកកន្លងមកជាពិសេសអាចទ្រង់ជីវភាពប្រចាំថ្ងៃការស្រោចស្រពច្បសរដំណាំព្រមទាំងសម្រាប់ទ្រទ្រង់សុខភាពទូទៅផងដែរ ហើយអាចបង្កើនសេដ្ឋកិច្ចគ្រួសារនិងសហគមន៍ឱ្យកាន់តែល្អប្រសើរជាងមុន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់ក្រុមបច្ចេកទេសក្រុមជាងត្រូវខិតខំពន្លឿនក្នុង ការសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងតាមបទដ្ឋានបច្ចេកទេសសំណង់ដើម្បីឆាប់បានជូនពុកម៉ែបងប្អូនបានប្រើប្រាស់និងបានទាន់មុនរដូវវស្សាមកដល់ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរនិងរង់ចាំការប្រើប្រាស់ផ្លូវនេះរហូតដល់ក្រុមបច្ចេកទេសជាងបានអនុញ្ញាត។
លើសពីនេះឯកឧត្តម បានអំពាវនាវដល់កូនក្មួយសិស្សានុសិស្សដែលប្រើប្រាស់ផ្លូវបើកបរទោចក្រយានយន្តនៅលើផ្លូវនេះសូមក្រុងប្រយ័ត្នខ្ពស់គោរពច្បាប់ចរាចរណ៍និងថែរក្សាសុវត្ថិភាពខ្លួនឯងព្រមទាំងអ្នកធ្វើដំណើរផងទាំងឡាយ និងបានណែនាំដល់ក្រុមការងារសូមសម្របសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអាចប្រើប្រាស់ស្នាក់ការគណបក្សជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យទាន ពិធីមង្គលការឬពិធីជួបជុំផ្សេងៗបានតាមតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ថា ជាមួយការពិនិត្យមើលវឌ្ឍនភាពសាងសង់ស្នាក់ការគណបក្សនិងវឌ្ឍនភាពកសាងផ្លូវបេតុងដែលមានប្រវែងជាង១០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រនិងកម្រាស់០,២ម៉ែត្រ ឯកឧត្តមក៏បានប្រកាសជូនអណ្ដូងខួងចំនួន៣ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។