លោកឧត្តមសេនីយ៍ទោ ហេង សុផល ជំរុញដល់ក្រុមគ្រួសារមន្ត្រីនគរបាល ពលីមរណៈ បើមានបញ្ហាទុក្ខ ធុរៈ ឬបញ្ហាប្រឈមផ្សេងៗទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីប្រធានអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ បានទាន់ពេលវេលា
(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានជួបសំណេះសំណាលប្រគល់ថវិកាគោលនយោបាយជូនគ្រួសារ មន្ត្រីនគរបាលជាតិ មរណភាព នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ដ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូនគ្រួសារសមាជិក គ្រប់មូលដ្ឋានឃុំ-សង្កាត់។
លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនូវគុណបំណាច់ ពលិកម្ម របស់កងកម្លាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ថ្ងៃនេះដែរ នៅស្នងការដ្ឋាននគរបាលខេត្ត បើកថវិកាគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលជាតិ មរណភាពចំនួន០៧ គ្រួសារ សរុបថវិកា ១៣៦,៦១០,០០០រៀល ( មួយរយសាមសិបប្រាំមួយលានប្រាំមួយរយដប់ពាន់រៀលគត់)។
បន្ថែមជាមួយថវិកា លោកស្នងការ ណែនាំ ដល់គ្រួសារសមាជិក សូមខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយ ជីវភាពឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។