ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តកំពង់ធំ
(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ
លោក អ៊ុង យី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ
លោក ហេង ដា ជាតំណាងអង្គការ (Recoftc)
លោក សោម សុភ័ក្រ្ត នាយកអង្គការកម្មភាពដើម្បីអភិវឌ្ឍន៍(AFD)
អភិបាលរងស្រុក បណ្ដាសហគមន៍ព្រៃឈើ និងសមាជិកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
លោក សោម សុភ័ក្រ្ត នាយកអង្គការកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានលើកឡើងថាបច្ចុប្បន្នខេត្តកំពង់ធំមានសហគមន៍ព្រៃឈើចំនួន៨៥កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើ៧៦.៦៧៧.៨៦ហិកតា ស្ថិតក្នុងភូមិចំនួន១០៤ភូមិ នៃ២៧ឃុំ ៦ស្រុក មានសមាជិកចំនួន១២.៧៥៦គ្រួសារ ស្មើនឹង៣៥.០៣៣នាក់(ស្ត្រី១៧.៨២០នាក់)។ នៅក្នុងដំណើរការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើក្រសួងកសិកម្ម ប្រមាញ់ និងនេសាទ បានចេញប្រកាសទទួលស្គាល់ព្រៃសហគមន៍ចំនួន៧១កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៦២.២៩៣.៨៤ហិកតា និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំចំនួន៦៩ សហគមន៍ មានផ្ទៃដីទំហំ៧៧១.៣៣ហិកតា និងចុះកិច្ចព្រមព្រៀងព្រៃសហគមន៍អាណត្តិទី២ ចំនួន៣៤សហគមន៍ មានផ្ទៃដីទំហំ១៨.១៤៥.១២ហិកតា។ ចំពោះការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ មកដល់បច្ចុប្បន្នមានសហគមន៍ចំនួន៤៥កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំ២៥ .១៩៤ហិកតា កំពុងរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួន ក្នុងនោះមានសហគមន៍ចំនួន៣៨កន្លែង គ្របដណ្តប់ផ្ទៃដីព្រៃទំហំ៩៦៧,៦៥ហិកតា ត្រូវបានឯកភាពលើផែនការគ្រប់គ្រងរបស់ខ្លួនដោយរដ្ឋបាលព្រៃឈើ ដែលសហគមន៍ទាំងនេះ ត្រូវការជាចាំបាច់នូវការគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍របស់ខ្លួន បានចុះបញ្ជីព្រៃសហគមន៍រួចរាល់ចំនួន៦សហគមន៍ មានផ្ទៃដីទំហំ៨.៥២០,៨៩៣១ហិកតា។
លោក សោម សុភ័ក្រ្ត នាយកអង្គការកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានបន្ថែមទៀតថាលើសពីនេះទៀត មានសហគមន៍ចំនួន ៤៣ បាននិងកំពុងអនុវត្តឥណទានសហគមន៍ព្រៃឈើដើម្បីគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ដែលមានទុនឥណទានសរុប ១ ០៧១ ២៩៩ ០៤៦រៀល (មួយពាន់ចិតសិបមួយលាន ពីររយកៅសិបប្រាំបួនពាន់ សែសិបប្រាំមួយរៀល) ប្រមាណជា ២៦៧ ៨២៥ ដុល្លារ អាមេរិក (គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៤)។ សហគមន៍ព្រៃឈើចំនួន ១៩សហគមន៍ មានមូលនិធីអាណត្តិព្យាបាលភាពសហគមន៍ ព្រៃឈើ ដែលមានដើមទុនសរុប ៩៥ ០០០ ដុល្លារអាមេរិក ដែលក្នុង១សហគមន៍ មាន ៥០០០ដុល្លារអាមេរិក (គិតត្រឹមខែតុលាឆ្នាំ២០២៤)។ សហគមន៍បានវិភាជន៍ថវិកាចំណូល ពីក្រុមឥណទាន និងមូលនិធិអាណត្តិព្យាបាលភាព សម្រាប់អនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ ដូចជាការល្បាតព្រៃ ការដាំកូនឈើ ថែទាំកូនឈើ ការធ្វើផ្លូវការពារភ្លើង ការដាក់ស្លាកសញ្ញា និងការពង្រឹងស្ថាប័នរបស់ខ្លួន។
លោក សោម សុភ័ក្រ្ត នាយកអង្គការកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានលំអិតទៅទៅលើទិន្នន័យមួយចំនួនដើម្បីចូលរួមអនុវត្តកម្មវិធីព្រៃឈើជាតិ និងអនុវត្តការងារសហគមន៍ព្រៃឈើឲ្យមានប្រសិទ្ធិភាព គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត (PCFPCC) ត្រូវបានបង្កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ក្រោមកិច្ចសម្របសម្រួល ពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ (NCFNCC) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ធំ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអង្គការដៃគូ។ គណៈកម្មការនេះបានទទួលការ គាំទ្រពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ស.ស.រ និងបានធ្វើបច្ចុប្បន្នភាពពីរលើក ដែលលើកចុងក្រោយនេះនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ តាមរយៈសេចក្តីសម្រេចលេខ ០៤៧/២២ ស.ស.រ។ ចំពោះមុខគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្ត នឹងរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីសម្របសម្រួលការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើនៅក្នុងខេត្តក្រោមជំនួយពីគម្រោង សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើហៅកាត់ថា(CASFor)ជាជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការហៅកាត់ថា SDC ដឹកនាំអនុវត្តដោយ FAO តាមរយៈអង្គការ RECOFTC និង គម្រោង LAPNIR អនុវត្តដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ក្រោមជំនួយពី SDC/IA-DCA និងអង្គការដៃគូនានាក្នុងខេត្ត។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាអំពីគម្រោងនានា ផែនការសកម្មភាព និងលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការគ្រប់គ្រងមូលនិធិអភិវឌ្ឍសហគមន៍ និងពិភាក្សាពីយុទ្ធសាស្រ្តចូលរួមតាមដាន វាយតម្លៃ នឹងការគាំទ្របច្ចេកទេសក្នុងការគ្រប់គ្រងមូលនិធិអភិវឌ្ឍសហគមន៍ព្រៃឈើ។ ស្តាប់មតិ និងរបាយការណ៍បណ្តាញសហគមន៍ព្រៃឈើនិងពិភាក្សាលើកិច្ចអន្តរាគមន៍នានា។ លទ្ធផលរំពឹងទុកសហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធទទួលបានព័ត៌មានអំពីតម្រោងនានាក្នុងការគាំទ្រដល់ការគ្រប់គ្រងសហគមន៍ព្រៃឈើនិងការចូលរួមធ្វើផែនការសកម្មភាព។ សហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធទទួលបានរបាយការណ៍អំពី មូលនិធិអភិវឌ្ឍន៍សហគមន៍ព្រៃឈើ បញ្ហាប្រឈមនិងចូលរួមរៀបចំផែនការតាមដានបន្ត។ អ្នកពាក់ព័ន្ធ និងសហគមន៍ព្រៃឈើ ចូលរួមធ្វើផែនការដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងសហគមន៍ព្រៃឈើ។ អត្ថបទលោក ធូ កែវមុន្នី ពិនិត្យដោយអ៊ុមញឹប។