ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជន ដែលជាយុទ្ឋមិត្តរួមអាវុធ ក្នងសម័យសង្គ្រាម នៅស្រុកបារាយណ៍
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនពិការ ដែលជាយុទ្ធមិត្តរួមអាវុធ រួមការងារ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលបានទទួលមរណភាពនៅវេលាម៉ោង១:១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ ៧៧ឆ្នាំ នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឈ្មោះ ប្រាក់ សាខន ឋានន្តរសក្តិ ពលបាលឯក អតីតនៅអង្គភាពយោធាស្រុកបារាយណ៍ និងអង្គភាពកងវរសេនាតូចលេខ១ចាស់ នៃយោធា ខេត្តកំពង់ធំ លោកបានត្រូវរបួសពិការនៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ ។ លោកជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ រួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបារាយណ៍ និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក ប្រាក់ សាខន សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពយ៉ាងច្រើនកុះករនៅពេលនេះ ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ជូនក្រុមគ្រួសារសព ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន៤កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៤យួរ និងត្រីខកំប៉ុងចំនួន១កេសធំ ផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។