ឯកឧត្តម ប៉ាន ប៊ុនធឿន “បញ្ហាកង្វះអាហារូបត្ថម្ភ ចំពោះ ប្រជាជននិងកុមារ នៅតែជាកង្វល់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា”
(កំពង់ធំ) ÷ បញ្ហាកង្វះអាហាររូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាបញ្ហាកង្វល់មួយរបស់រាជរដ្ឋាភិបាល ពីព្រោះថា ប្រជាជននិងកុមារជាច្រើននៅក្នុងប្រទេសកម្ពុជានិងនៅទូទាំងពិភពលោក កំពុងតែប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅក្នុង របបអាហារប្រចាំថ្ងៃរបស់ពួកគេ”។
ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជា អធិបតីនៅក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសារៈសំខាន់នៃការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិ ( គិតគូរពីប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ )កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ។
ឯកឧត្តម ប៉ាន ប៊ុនធឿន ក៏បានថ្លៃងបន្តទៀតថា បញ្ហាកង្វះ មីក្រូសារជាតិ រួមមាន ÷ កង្វះស័ង្កសី ជាតិដែក ជាតិអ៊ីយ៉ូត និងមីក្រូសារជាតិផ្សេងៗមិនត្រឹមតែធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតីរបស់កុមារនោះទេ វាថែមទាំងធ្វើអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ផលិតភាព ការងារ ការអភិវឌ្ឍធនធានមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ របស់ប្រទេសយើងថែមទៀតផង ។ ឯកឧត្តម ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារអង្គការអន្តរជាតិ រួមមាន ÷ អង្គការ World Vision, អង្គការ IIRR, អង្គការ IDRC CRDI,ដែលបានសហការជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម យ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណា ព្យាយាមកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ បញ្ហាកង្វះអាហារូបត្ថម្ភ ក្នុងរបបអាហារប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាយើង។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ ក៏បានថ្លែងថា ដោយផ្អែកលើវឌ្ឍនភាពជាតិដ៏រឹងមាំរបស់កម្ពុជា ដែលបានប្ដេជ្ញាចិត្តធ្វើបដិវត្តិកម្មប្រព័ន្ធស្បៀងប្រព័ន្ធសុខាភិបាលនិងប្រព័ន្ធគាំពារសង្គម ព្រមទាំងទឹកស្អាតនិងអនាម័យ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានតម្លៃសមរម្យនិងប្រកបទៅដោយនិរន្តរភាព។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិប្រទេសកម្ពុជា បានខិតខំយ៉ាងខ្លាំង ក្នុងគោលបំណងលើកកម្ពស់ អាហាររូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ភាពអត់ឃ្លាន ដោយមានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងការលើកកម្ពស់សុខមាលភាព និងអាហារូបត្ថម្ភរបស់កុមារ និងទារក នៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម អ៊ុង វុទ្ធី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងពង្រឹងសេវាកម្មអាហារូបត្ថម្ភ និងសេវាសុខាភិបាល ពង្រឹងជំនួយសង្គម ដល់ស្ត្រីនិងកុមារដែលរងគ្រោះ ដើម្បីធានាភាពធន់នៃប្រព័ន្ធស្បៀង។ ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងក្នុងការកសាងសុខមាសភាពសង្គម ភាពធន់ប្រកបដោយបរិយាប័ណ្ណ ដោយមិនទុកប្រជាជនណាម្នាក់ចោលនោះឡើយ។ អត្ថបទ លន សុភា-ពិនិត្យដោយអ៊ុមញឹប។