ទិវាពលកម្មអន្តរជាតិ ១ ឧសភាអភិបាលខេត្តកំពង់ធំ ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រុមហ៊ុនចំការកៅស៊ូ នៅស្រុកសន្ទុក
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត ក្រុមហ៊ុនចំការកៅស៊ូ ស្រុកសន្ទុក ៥០០ នាក់ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៥ ក្រោមប្រធានបទ « រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចិរភាព និងភាពធន់»។
ឯកឧត្តម នួន ផារ័ត្ន អានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិរួចមក លោកបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ដែលជាពិធីប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌កាលពី ១៣៩ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវក្តីនឹករលឹក និងផ្តាំផ្ញើការសួរសុខទុក្ខ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចនាយករដ្ឋមន្ត្រីជូនដល់បងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុនចំការកៅស៊ូទាំងអស់។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ និងបានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា សំដៅបង្កបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាតរភាព ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង។
ឯកឧត្តមបញ្ជាក់ថាកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ និងជំរុញឱ្យក្រុមកម្មករទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ។
ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើដល់បងប្អូនទាំងអស់សូមឱ្យគោរពទៅតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលនិងក្រុមហ៊ុនពិសេសនោះគឺធ្វើយ៉ាងណាត្រូវអប់រំកូនចៅ កុំប្រើប្រាស់គ្រឿងញៀននិងធ្វើជាក្មេងទំនើង។
លោក អៀង សុភាព ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងពី វិស័យឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋបានល្អដោយចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយ បង្កើតការងារជូនប្រជាពលរដ្ឋយើង ឱ្យមានការងារធ្វើនិងចូលរួមលុបបំបាត់ភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្តថាខេត្តកំពង់ធំមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ៥៧៧ សហគ្រាស ដែលប្រើប្រាស់កម្លាំងកម្មករ និយោជិត សរុបចំនួន ១៥,៤០៦ នាក់ ស្រី៥,៩៣៤ នាក់ ក្នុងនោះ៖
សិប្បកម្មផលិតឡឥដ្ឋ-ក្បឿង មានចំនួន ៣៦ សហគ្រាស មានកម្មករនិយោជិតសរុបចំនួន
១៧៤ នាក់ ស្រី៧៩នាក់។
វិស័យកសិឧស្សាហកម្មមានចំនួន ២៥ សហគ្រាស មានកម្មករនិយោជិតសរុប ចំនួន ១១,៨៩៧ នាក់ ស្រី ៤,៧៧២ នាក់។
ក្នុងចំណោមវិស័យកសិឧស្សាហកម្មទាំង២៥មានក្រុមហ៊ុនចម្ការកៅស៊ូធំៗចំនួន១៧សហគ្រាស មានកម្មករ និយោជិតសរុប ១១,៣៥៤នាក់ ស្រី ៤,៤៣៣ នាក់។ ក្នុងនោះ ក្រុមហ៊ុនចម្ការ កៅស៊ូវៀតណាម
មាន ០៩សហគ្រាស មានកម្មករនិយោជិតសរុប ៩,៧១៦ នាក់ ស្រី នាក់។ ដោយឡែក ក្នុងឱកាសពិធីសំណេះសំណាល អបអរសាទរខួបអនុស្សាវរយ៍លើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ១ ឧសភា ២០២៥ នេះមាន ក្រុមហ៊ុនចម្ការកៅស៊ូចំនួន ០៤ក្រុមហ៊ុន គឺក្រុមហ៊ុនតាន់បៀន ១៥០
នាក់ ក្រុមហ៊ុនបារៀ ១៥០ នាក់
ក្រុមហ៊ុនភឿកវ៉ា ១៥០ នាក់ និង
ក្រុមហ៊ុនហ្គោលហ្វ័យស៊ុន៥០ នាក់។