ព្រះទេពសត្ថា សៀង សុខ ដឹកនាំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣៣ នៅស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ នៅថ្ងៃពុធ០២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមីព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ និងលោក ម៉ាន់ សារ៉ាត អភិបាលរងស្រុកប្រាសាទសំបូរ និមន្តនិងអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣៣ សមាសភាពចូលរួមសរុប ៤៤៧អង្គ/នាក់ ដែលស្ថិតនៅបរិវេណវត្តសម្បូរណ៍ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ស្រុកប្រាសាទសំបូរជាស្រុកទី៤ ក្នុងខេត្តកំពង់ធំ ក្នុងពិធីចុះផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ របស់សាលាគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានអនុវត្តគោលការណ៍ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ និងសាសនា បានដាក់ចុះមក ប្រកបដោយមោទកភាពវិស័យព្រះពុទ្ធសាសនាខេត្តកំពង់ធំ។
មានប្រសាសន៍ទៅកាន់ពិធីនេះលោក ម៉ាន់ សារ៉ាត អភិបាលរងស្រុកប្រាសាទសំបូរ បានសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេន ថ្វាយដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះទេ គឺពុទ្ធចក្រនិងអាណាចក្រដើរទន្ទឹមគ្នា ព្រោះថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានលើកឡើងថាការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅ នឹងបញ្ហាប្រឈម ជាពិសេសទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។
ព្រះទេពសត្ថា សៀង សុខ មានសង្ឃដីកាថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង មានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឱ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីកាផ្តាំផ្ញេីសូមមន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់។ បន្តការពង្រឹងគុណវុឌ្ឍិ តាមរយៈ វគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី/ភារកិច្ច។ អត្ថបទ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។















![]()
