ឧត្ដមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លំាងចម្រុះតាមផ្លូវច្បាប់ ក្នងការ ការពារទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃ បឹងពែរ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក រួមជាមួយអាជ្ញាធរដែនដី ឃុំ ស្រុក បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចចាំបាច់មួយចំនួន ក្នុងការចាត់វិធានការយ៉ាងមុឺងម៉ាត់តាមផ្លូវច្បាប់ ក្នងការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ និងជាំក្របី ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រសាទបល្ល័ង្ក ខេត្តខេត្តកំពង់ធំ ។
លោក ហួត តូ មន្ត្រីឧទ្យាននុរក្សបរិស្ថាន តំណាងទីបញ្ជការស្រាលប្រចាំការនៅតំបន់ជាំក្របី និងលោក ញឹម ចន្ធី មន្ត្រីឧទ្យានុរក្សបរិស្ថាន ប្រចាំការនៅទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ បានរាយការណ៍បញ្ជាក់ថា៖ បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនតូច បានលបលួចកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់សហគមន៍អូរបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងពេលដែលកងកម្លាំងកងទ័ព ជាប់រវល់បំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែន និងកម្លាំងបរិស្ថានមានគ្នាតិច ហើយទទួលភូមិសាស្ត្រធំទូលាយ ដោយមិនខ្លាចញញើតចំពោះសមត្ថិច្ច និងច្បាប់ឡើយ ។
លោក គង់ សំអាត អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងអំណរគុណចំពោះកងកម្លំាងចម្រុះនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងពីរគោលដៅ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងការការពារ ទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក នាពេលកន្លងទៅ ហើយបានប្តេជ្ញាចិត្តបន្តសហការជាមួយគណៈបញ្ជាការស្រាលដេីម្បីអបរំ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានការកាប់បំផ្លាញព្រៃឈើតទៅទៀត និងសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តន៍វិធានការច្បាប់ចំពោះជនល្មើសដែលរឹងរូសបំពានច្បាប់ ដែលមានជាធរមាន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះកងកម្លាំងចម្រុះទាំងអស់ និងអាជ្ញាដែនដីនៅគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនាពេលជិតពីរឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ជាមួយនេះដែរបានគ្រប់គ្រងដីដែលបានដកហូតពីជនល្មើសដែលបានលួចកាប់ទន្ទ្រានកន្លងទៅរក្សាទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋ ធ្វើឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ត្រូវរួមគ្នាជាមួយអាជ្ញាធរដែនដី ការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបានដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរជាថ្មីទៀតបានឡើយ ហើយត្រូវចាត់វិធានការយ៉ាងមុឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះជនណា នៅតែបំពានលួចកាប់ទន្ទ្រានព្រៃឈើ ដេីម្បីចាប់ឃាត់ខ្លួនជូនសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡេីយ ។
នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងម្លាំងចម្រុះទាំងពីរទីបញ្ជការស្រាល ប្រចាំការនៅតំបន់ជាំក្របី និងភ្នំប្រង់ ដេីម្បីបម្រើឲ្យកិច្ចការធានាជីវភាពប្រចាំថ្ងៃ ក្នុងភារកិច្ចដ៍មានសារ:សំខាន់នេះ ដេីម្បីបុព្វហេតុសង្គមជាតិយើងទាំងអស់គ្នា ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។










![]()
