លោកវរសេនីយ៍ឯកងួន ហៀង ដាក់គោលការណ៍៣ចំណុច ដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស នៅវិទ្យាល័យកំពង់ធំ
(កំពង់ធំ)÷ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ចុះផ្សព្វផ្សាយច្បាប់ នៃគ្រឿងញៀន ដល់សិស្សានុសិស្ស នៅវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងលោកគ្រូ អ្នកគ្រូ ដែលបានផ្ដល់កិត្តិយស ដល់រូបលោក និងសហការី ចុះផ្សព្វផ្សាយអំពី ច្បាប់ឥទ្ធិពល គ្រោះថ្នាក់ ផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីចែករំលែកចំណេះដឹង បានមកពីការបំពេញភារកិច្ច នាពេលកន្លងមក ចែកជូនដល់ប្អូនៗ នាឱកាសឱ្យបានយល់ដឹងកាន់តែច្បាស់ពីរគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោក ងួន ហ៊ាង បន្តបញ្ជាក់ថាគ្រឿងញៀន មិនមែនជាឱសថ ជំនួយកម្លាំង បំប៉នស្មារតី ឱ្យក្មេងជាងវ័យនោះទេ គ្រឿងញៀន បំផ្លាញសុខភាព ទ្រព្យសម្បត្តិ អាយុ ជីវិត ផ្ដល់ផលលំបាក ដល់ក្រុមគ្រួសារ និងសង្គមជាតិ អ្នកញៀនគ្រឿងញៀនឈានទៅប្រព្រឹត្តបទល្មើសនានា ដែលសង្គមស្អប់ខ្ពើម ។
លោកបានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គឺ÷ ១.សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី យុវជនបន្តវេន ដើម្បីអនាគតភ្លឺស្វាង ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច បើឃើញមានបទល្មើសគ្រឿងញៀន
ដើម្បីសមត្ថកិច្ច មានមូលដ្ឋាន បង្ក្រាបបានទាន់ពេលវេលា។ ២.សំណូមពរដល់លោកគ្រូ អ្នកគ្រូ ឬអាណាព្យាបាល សូមយកចិត្តទុកដាក់ត្រួតពិនិត្យរាល់សកម្មភាព របស់សិស្សានុសិស្ស បុត្រាបុត្រី របស់ខ្លួន នៅពេលដែលមានសកម្មភាព អាប្បកិរិយាប្រែប្រួល ខុសប្រក្រតី ជួនកាលអាចសេពគប់ធ្លាក់ចូលជាមួយមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់។ ៣.បើសិនជាអស់លោក មានការសង្ស័យថា បុគ្គលនោះប្រើប្រាស់សារធាតុញៀនសូមទំនាក់ទំនងមកមន្ត្រីជំនាញ ធ្វើស្វែងរកសារធាតុញៀន ដើម្បីដឹងពីលទ្ធផលជាក់ច្បាស់ មាន ឬគ្មានផ្ទុកសារធាតុញៀន។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ