រដ្ឋបាលស្រុកតាំងគោក ប្រារព្ធពិធីបុណ្យមាឃបូជា នៅបរិវេណវត្តក្តីតាចិន
(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងមន្រ្តីសង្ឃស្រុកតាំងគោក បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០២៦។
ក្នុងការប្រារព្ធពិធីបុណ្យមាឃបូជានេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ មន្រ្តីសាលាស្រុក កងកម្លាំងទាំងបី លោកយាយ លោកតា និងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
សូមបញ្ជាក់ផងដែរថាបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន ១១សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឱ្យបានយល់ពីពុទ្ធសាសនា។
គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឱ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឱ្យយល់ដឹង និងអនុវត្ត។ អត្ថបទ រដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។














![]()
