ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនពិការក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រួសារអតីតយុទ្ធជន និងយុទ្ធមិត្ត ធ្លាប់រួមអាវុធក្នងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកពលបាលឯក សាត សំ អាយុ ៥៥ ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ ។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកពលបាលឯក សាត សំ ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៨ ហើយបានត្រូវរបួសពិការ នៅឆ្នាំ១៩៩០ ។ ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកនាយឯក សាត សំ ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់ផងដែរថា៖ អតីតយុទ្ធជន ដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦គ្រួសារ មានរយៈពេលជិត ៥ឆ្នាំកន្លងមកហើយ ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណភាពអស់ចំនួន ២០នាក់ រួចមកហើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសព និងចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។ អត្ថបទ តំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី











![]()
