អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ជនពិការ ចាស់ជរានិងគ្រួសារងាយរងហានិភ័យ
(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងណែនាំអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ជនពិការ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ លោក សាយ គឹមឡម បានណែនាំដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ចែកជូនជនពិការ ចាស់ជរា និងគ្រួសារងាយរងហានិភ័យនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦។
លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវបន្តជួបសំណេះសំណួរសុខទុក្ខនិងចែកអំណោយជូនពួកគាត់ គ្រួសារវីរកងទ័ព និងជនភៀសសឹក ឱ្យបានដូចភ្លៀងរលឹម ហើយប្រសិនបើខ្វះស្បៀងឬគ្រឿងឧបភោគបរិភោគត្រូវរាយការណ៍ជូនទៅអាជ្ញាធរស្រុក និងក្រុមការងារដើម្បីរៀបចំផ្គត់ផ្គង់ឱ្យបានគ្រប់ៗគ្នានិងអស់ពីលទ្ធភាពជាក់ស្ដែងបំផុត។
ជាមួយគ្នានេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលបាននិងកំពុងដឹកនាំចុះជួយកសាងអភិវឌ្ឍស្រុកស្ទោងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងប្រព័ន្ធធានាសាស្ត្រស្អេកស្កះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការ សំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភស្បៀងគ្រឿងឧបភោគបរិភោគ លើកទឹកចិត្តវីរៈកងទ័ពជួរមុខ ជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោងកន្លងមកនិងដូចក្នុងឱកាសនេះ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះគឺមានគ្រួសារងាយរងហានិភ័យចាស់ជរាចំនួន១០គ្រួសារ និងជនពិការចំនួន ៥គ្រួសារ ហើយក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងងលៀកបំពាក់ព្រមទាំងថវិកាមួយចំនួនផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។









![]()
