ឯកឧត្តម ហ៊ែល តូនី អំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សធនធាន មច្ឆជាតិដើម្បីទុកជាកេរ្តិ៍ដំណែលកូនចៅជំនាន់ក្រោយ
(ខេត្តកំពង់ធំ)÷ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមបាង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវត្តពៅវើយ ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអភិរក្សនេះគឺផ្ដើមចេញពីយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ អាជ្ញាធរនៅក្នុងមូលដ្ឋាន ជំនាញពាក់ព័ន្ធ ក៏មានការគាំពារថែមទៀតពីក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀតលើការអភិរក្សពូជត្រីឬមច្ឆជាតិដែលជាពូជកម្រដែលប្រឈមនឹងការផុតពូជឱ្យបានសម្បូរឡើងវិញ និងជាផ្នែកមួយនៃការជួយបង្កើនសេដ្ឋកិច្ចប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងវិញថែមទៀត គឺអភិរក្សត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍ ជាពិសេសសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន។
ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំនិងលើកទឹកចិត្តដល់អាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធត្រូវកែប្រែឥរិយាបថ អវិជ្ជមានមួយចំនួនកន្លងមកនិងងាកមកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវគិតប្រយោជន៍រួម និងផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព
លើសពីនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំពាមបាង ត្រូវ អនុវត្តតួនាទី/ភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស តម្លាភាព ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសិក្សាស្វែងយល់ ដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលប្រជាពលរដ្ឋកំពុងត្រូវការឱ្យជួយបន្ទាន់ ហើយត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឱ្យបានឆាប់រហ័សនិងប្រសិទ្ធភាពបំផុត ហើយបើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុកឬក្រុមការងារ ដើម្បីបានជួយសម្របសម្រួលនិងដោះស្រាយឱ្យបានទាន់ពេលវេលាហើយមានជំនឿជាក់និងទុកចិត្តពីប្រជាពលរដ្ឋគ្របប់គ្នា។
លោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងារដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខមាលភាពជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងជាពិសេសឃុំពាងបាងឱ្យកាន់តែប្រសើរឡើង។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។