ឯកឧត្តម ឃឹង នុភាព បានអញ្ជើញចែកអំណោយសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ ដល់គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកជាកងទ័ពជួរមុខ៣០គ្រួសារ នៅឃុំឃុំគោល
(កំពង់ធំ)÷ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល បានអញ្ជើញចែកអំណោយសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ ដល់គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកជាកងទ័ពជួរមុខចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។
ឯកឧត្តម ឃឹង នុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធកូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន ដើម្បីរកសន្តិភាពជូនប្រទេសកម្ពុជា។
ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ ដែលជានិច្ចកាល សម្តេចតែងតែបានណែនាំឱ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជំងឺ គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាសំខាន់។
សូមបញ្ជាក់ផងដែរថា គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកចំនួន៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ. គ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំង ថវិកា ៥០.០០០រៀល។ អត្ថបទរដ្ឋបាលឃុំគោល -ពិនិត្យកែសម្រួលដោយអ៊ុមញឹប។











![]()
