អភិបាលរងខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជនភៀសសឹក៣០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំក្តីដូងស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំ
អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកមានចំនួន៣០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម ជា វ៉ាន់ ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយឃុំ ក**ីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ក្នុងពិធីនោះ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា មួយរយៈពេលនេះសង្គ្រាមរវាងកម្ពុជានិងថៃ បានបញ្ចប់ហើយបងប្អូនភៀសសឹកតមួយចំនួនក៏បានធ្វើដំណើរទៅលំនៅឋានជាបន្តបន្ទាប់ ហើយបងប្អូនភៀសសឹកមួយចំនួនទៀតក៏ពុំទាន់ផ្លាស់ទីលំនៅ នៅឡើយ។ ដោយឃើញពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកលោកជំទាវក៏បាននាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីប្រគល់ជូនដល់ពួកគាត់ដើម្បីដោះស្រាយបានមួយកំរិតផងដែរ។
លើសពីនេះទៀតលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានបានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់បន្តចែកចាយជូនដល់វីរៈកងទ័ព និងជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តកំពង់ធំ ហើយនេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។ តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើងដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតសសម្រាប់ការពារប្រទេសជាតិ។
អំណោយត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន៣០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ ១៥គីឡូក្រាម សាច់ក្រក០១គីឡូក្រាម នំកញ្ចប់០១កញ្ចប់ គុយទាវភ្នំពេញ០១យួរ ទុកសុទ្ធ០២យួរ សៀង០១យួរ និងថវិកាមួយចំនួន។ សម្រាប់ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានឧបត្ថម្ភរួមមាន÷ ទឹកសុទ្ធ០១កាដុងធំ អង្ករ០១បេ និងនំកញ្ចប់០១កញ្ចប់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។
















![]()
