មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកទឹកចិត្ត ក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ ត្រៀមចូលរួមប្រកួតអបអរសាទរពិធីអុំទូក អកអំបុកសំពះព្រះខែ នៅតាមដងស្ទឹងសែន
ខេត្តកំពង់ធំ៖ ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានប្ដេជ្ញាចិត្តដណ្ដើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូកនៅតាមដងស្ទឹងសែន ក្នុងសង្កាត់អរគន្ធរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ ដែលពិធីនេះរៀបចំឡើងដោយព្រះតេជគុណ ហួ ចាន់ហេន ព្រះគ្រូចៅអធិការវត្តធម្មឃោសិតារ៉ាម ហៅវត្តស្លែង ស្ថិតនៅក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងអាជ្ញាធរដែនដីផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា៖ ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបយើងមានពេលរៀបចំ និងចូលរួមសប្បាយរីករាយ អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែនៅពេលនេះ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការលើកទឹកចិត្តដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ ដែលជាទូកឧបត្ថម្ភគាំទ្រដោយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយធ្លាប់បានចូលរួមប្រកួតអបអសាទរក្នុងព្រះរាជពិធីអុំទូកបណ្ដែតប្រទីបសំពះព្រះខែ នៅតាមដងស្ទឹងសែននាបណ្ដាឆ្នាំកន្លងទៅ ។ ហើយនៅឆ្នាំនេះ ដោយមិនមានការរៀបចំពិធីនៅថ្នាក់ខេត្ត ។ ព្រះសង្ឃ និងអាជ្ញាធរដែនដីថ្នាក់ភូមិ សង្កាត់ ក្រុង ស្រុក ក៏បានរៀបចំកម្មវិធីនេះឡើង តាមសំណូមពររបស់កីឡាករទូក ជូនប្រជាពលរដ្ឋសប្បាយរីករាយ តាមប្រពៃណីរបស់ប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមកីឡាទាំងអស់ ត្រូវបង្កើនសមត្ថភាពហ្វឹកហាត់ ត្រៀមកម្លាំងដើម្បីចូលរួមប្រកួតនៅថ្ងៃស្អែកនេះ ឲ្យទទួលបានជោគជ័យ ប្រកបដោយគុណធម៌ មានសាមគ្គីភាពល្អ និងគោរពតាមបទបញ្ជាផ្ទៃក្នុងពេលប្រកួត ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានឧបត្ថម្ភ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យបារមីសឹករងកំពង់ធំ និងបានជូនពរដល់ក្រុមកីឡាករទាំងអស់ មានសុខភាពល្អ កម្លាំងពលំមាំមួន ទទួលបានជោគជ័យក្នុងការប្រកួតដណ្ដើមយកជ័យជំនះនៅពេលខាងមុខនេះ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
