ឯកឧត្តម ថោ ជេដ្ឋា លើកទឹកចិត្តសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានចប់ជំនាញវិជ្ជាជីវៈឬមហាវិទ្យាល័យ ដើម្បីត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានខ្លួនវិញ
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា លើកទឹកចិត្តសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យបានចប់ជំនាញវិជ្ជាជីវៈឬមហាវិទ្យាល័យ ដើម្បីត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានខ្លួនវិញ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើទឹកចិត្តដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសAទាំង១៥នាក់ របស់ស្រុកស្ទោង និងបើកបវេសនកាលសិក្សាឆ្នាំថ្មីឆ្នាំ២០២៥-២០២៦ នៅវិទ្យាល័យរស្មីសោភ័ណ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់ឪពុកម្តាយ អាណាព្យាបាលផ្ដល់ឱកាសសិក្សារៀនសូត្រឱ្យបុត្រធីតារបស់ខ្លួនបានពេញលេញ ហើយរៀនចប់មធ្យមសិក្សាទុតិយភូមិ បំណិនវិជ្ជាជីវៈឬមហាវិទ្យាល័យនានា ដែលទៅថ្ងៃអនាគត និងជួយលើកកម្ពស់សុខមាលភាពជីវភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ។
ជាមួយនេះផងដែរឯកឧត្តម បានណែនាំដល់លោកនាយក លោកគ្រូអ្នកគ្រូ ត្រូវមានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសសិស្សានុសិស្សទៅតាមចំណង់ ជំនាញ និងចំណូលចិត្តនៃការសិក្សារបស់ខ្លួនចាប់តាំងពីថ្នាក់មធ្យមសិក្សាបឋមភូមិ រហូតដល់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជាគ្រឹះដ៏រឹងមាំ និងជាការសម្រេចហើយឈានជើងចូលសាលាវិជ្ជាជីវៈ ឬមហាវិទ្យាល័យទៅតាមឧបនិស្ស័យ និងចំណង់ចំណូលចិត្ត ប្រកបដោយគុណភាព។
លើសពីនេះឯកឧត្តម បានលើកទឹកចិត្តថែមទៀតដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀន និងនៅតាមគេហដ្ឋានឱ្យអស់ពីលទ្ធភាព ជាពិសេសតាមប្រព័ន្ធឌីជីថលដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ ជាពលរដ្ឋថ្លៃថ្នូរនិងជាមូលធនមនុស្សជួយអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគតស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសបើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តមបានប្រកាសនឹងជួយកសាងនូវអគារសិក្សាថ្មីមួយខ្នងចំនួន៥បន្ទប់ បន្ថែមទៀតជូនវិទ្យាល័យរស្មីសោភ័ណដើម្បីបំពេញតំរូវការដែលកំពុងខ្វះខាតបន្ទប់សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រប្រចាំថ្ងៃ ដឹងជាការឆ្លើយតបនៅកំណើនសិស្សានុសិស្សផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសដ៏វិសេសៗនេះ ឯកឧត្តមបានជូនដល់សិស្សនិទ្ទេសA ចំនួន ១៥នាក់ ក្នុង១នាក់ទទួលបាន÷ កុំព្យូទ័រ Laptop១គ្រឿង និងថវិកា៤០ម៉ឺនរៀល សិស្សសាលាចំនួន២.០១២នាក់ ក្នុង១នាក់ទទួលបាន១ម៉ឺនរៀល ជូនវិទ្យាល័យទាំងបួនក្នុងស្រុកស្ទោង ដែលក្នុង១វិទ្យាល័យទទួលបាននូវថវិកា២លានរៀល និងបានឧបត្ថមវិទ្យាល័យរស្មីសោភ័ណ នូវតុកៅអីសិស្ស ១០ឈុត កង្ហារភ្ជួរជញ្ជាំង១០គ្រឿង បាល់ទាត់ និងបាល់បោះ២០គ្រាប់ សៀវភៅសរសេរ១.០០០ក្បាល ប៊ិច ២.០០០ដើម និងក្រដាសរ៉ាម១០កេះ និងជូនលោកគ្រូអ្នកគ្រូ វិទ្យាល័យរស្មីសោភ័ណ្ឌ ចំនួន៦២នាក់ ក្នុង១នាក់បានថវិកា៥ម៉ឺនរៀលផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។












 ![]()
 
 
 
    