ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចបប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ០០៣ /២០២០ របស់ក្រសួងការពារជាតិ ស្តីពីវិធានការពង្រឹងអនុវត្តតាមលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ដែលយោធិនគ្រប់រូបត្រូវតែគោរពនិងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ ដើម្បីលើកកិត្យានុភាព និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទក្នុងសម័យឌីជីថល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលមានកងយោធពលខេមរភូមិន្ទយើងជាស្នូល ក្នុងសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ នាពេលកន្លងទៅ ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើសុំដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចផ្លាស់ប្ដូរទៅបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ត្រូវធ្វើសកម្មភាពជាប្រចាំឲ្យដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យបទល្មើសនេសាទកើតឡើងជាថ្មីទៀតបានឡើយ។ ដោយត្រូវសហការជាមួយជំនាញជលផលនិងកងកម្លាំងចម្រុះ ដែលបំពេញភារកិច្ចនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបបានល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត ។
កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត អនុវត្តន៍ឲ្យបានមុឺងម៉ាត់បំផុតតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ ដេីម្បីផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិយើងទាំងមូល ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប៊។