អភិបាលស្រុកតាំងគោក និងនាំយកអំណោយចុះចែកជូនជនចាស់ជរា៤០គ្រួសារ នៅឃុំពង្រ
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរព្រមទាំងអាជ្ញាធរឃុំបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោកតា លោកយាយ ចាស់ជរាចំនួន៤០ គ្រួសារ នៅឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្តាំផ្ញើសួរទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងបានបញ្ជាក់ថា សម្ដេចទាំងទ្វេតែងតែបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណព្រះចៅអធិការវត្តគុហនគរ ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលឃុំនូវសកម្មភាពចុះសួរសុខទុក្ខបងប្អូនភៀសសឹក និងគ្រួសារកងទ័ព ដែលបានភៀសសឹកមកនៅទីសុវត្ថិភាពស្រុកតាំងគោកកន្លងមក និងសកម្មភាពជាច្រើនដើម្បីចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។
បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ ស្ថិតនៅក្នុងរដូវត្រជាក់នេះត្រូវចេះថែរក្សាសុខភាពឱ្យបានជាប់ជាប្រចាំ ខណៈដែលខែត្រជាក់បានចូលមកដល់ ជាពិសេសនោះគ្រួសារដែលមានសមាជិកចាស់ៗ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុខភាព ដោយការត្រៀមសម្លៀកបំពាក់ក្រាស់ៗ ភួយជាដើម។
លោកអភិបាលស្រុកតាំងគោក ក៏បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ក្នុងការតាមដានសុខភាព ដោយការពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ខណៈដែលសព្វថ្ងៃនេះសេវាសុខាភិបាលកាន់តែទំនើប និងមានក្រុមគ្រូពេទ្យជំនាញៗផងដែរ។
ជាមួយគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកននាំភូមិ/ឃុំ ធ្វើការតាមដាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាផ្សេងៗ និងត្រូវសូមរាយការណ៍ដល់ថ្នាក់លើដើម្បីដោះស្រាយ និងអន្តរាគនម៍ឲ្យទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនលោកតា លោកយាយទាំង៤០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ សារ៉ុង រួមទាំងថវិកា មួយចំនួនទៀតផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។











![]()
