សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ និងដាក់គោលដៅ៦ចំណុច
(កំពង់ធំ)៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំសន្និបាតបូកសរុបលទ្ធលផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង, ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម តំណាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រតិភូគណៈមេធាវីប្រចាំសាលាដំបូងខេត្តកំពង់ធំ ក្រឡាបញ្ជី លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីទាំងអស់នៃលេខាធិការរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២៥មាន៦ចំណុច៖ ១.ស្នើសុំបន្ថែមចំនួនក្រឡាបញ្ជី ។ ២.«ស្នើសុំមន្រី្តអាជ្ញាសាលា» ក្នុងស្ថានភាពដែលមិនមានអាជ្ញាសាលា ដើម្បីសម្រួលដល់ការអនុវត្តកិច្ចការបញ្ជូនក្នុងរឿងរដ្ឋប្បវេណី និងការជូនដំណឹងក្នុងរឿងព្រហ្មទណ្ឌ នឹងជំរុញឱ្យមានអ្នកអនុវត្តកិច្ចការជំនួស។ មន្ត្រីអនុវត្តកិច្ចការជំនួសនេះ ត្រូវបានជ្រើសតាំងដោយ ឯកឧត្តមព្រះរាជអាជ្ញា (មន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា) ដោយទទួលការអនុញ្ញាតពីប្រធានសាលាដំបូង។៣.រៀបចំគម្រោងថវិកា ដោយបន្ថែមឱ្យបានច្បាស់ពីភាពចាំបាច់សម្រាប់ពង្រឹងការអនុវត្តក្នុងការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ។ ៤.ជំរុញការដោះស្រាយសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ឱ្យបានលឿនឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសសំណុំរឿងអាទិភាពទាំង៣(គ្រឿងញៀន,ចរាចរណ៍, អត្រានុកូលដ្ឋាន) និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង។ ៥.រៀបចំឱ្យមានជាបទបង្ហាញខ្លីៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។៦.ព្យាយាមប្រើប្រាស់វិធីផ្សះផ្សាសម្របសម្រួលក្នុងសំណុំរឿងរដ្ឋប្បវេណីឱ្យបានច្រើន ដើម្បីកាត់បន្ថយវិវាទ និងថវិកាគូរភាគី ធ្វើឱ្យមានភាពសុខដុមរមនាក្នុងសង្គម ស្របតាមគោលការណ៍ដែលបានដាក់ចេញដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សូមបញ្ជាក់ផងដែរថា សន្និបាតបូកសរុបលទ្ធលផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់នូវប័ណ្ណសរសើរ ជូនដល់លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីលេខាធិការរដ្ឋបាលទាំងអស់ ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងក្នុងការងារ ភារកិច្ចរបស់ខ្លួន កន្លងមក និងបានថតរូបទុកជាអនុស្សាវរីយ៍។ អត្ថបទសាលាដំបូងខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។