ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមកនៅក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ។ ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា វិស័យព័ត៌មាននេះ ដើរតួនាទីសំខាន់ណាស់ សម្រាប់ផ្សព្វផ្សាយព័ត៌មាន ដែលជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គម ។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត សូមបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈឌីជីថល ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយមេក្រូ ទៅតាមទីប្រជុំជនបន្ថែមទៀត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសាសន៍របស់ថ្នាក់ដឹកនាំ សកម្មភាពល្អរបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងចំណុចខ្វះខាត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ជូនដល់សាធារណជនក៏ដូចជាថ្នាក់ដឹកនាំបានដឹង ដើម្បីស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ បន្តការគ្រប់គ្រងអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ ដោយតម្រូវឲ្យអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ធំ ចុះបញ្ជីនៅមន្ទីរព័ត៌មានឲ្យបានគ្រប់គ្នា និងអនុវត្តតាមក្រុមវិជ្ជាជីវៈអ្នកសារព្រមានបានត្រឹមត្រូវ រាល់ការផ្សាយព័ត៌មានត្រូវជាព័ត៌មានពិត មានប្រភពច្បាស់លាស់។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។