ឯកឧត្តម ឃឹង នុភាព សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ
(កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អនុប្រធានក្រុមការងារគណបក្សស្រុកប្រាសាទសំបូរ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ១០០នាក់ ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែ មករា ឆ្នាំ២០២៥។
ឯកឧត្តម ឃឹង នុភាព លើកទឹកចិត្តដល់ក្រុមការងារទាំងអស់នៅក្នុងសហគមន៍ ពិសេសគឺបងប្អូនប្រជាពលរដ្ឋមានការយោគយល់គ្នាទៅវិញទៅមកព្រមទាំងផ្ដល់ទំនុកចិត្តក្នុងការអភិវឌ្ឍភូមិឃុំឲ្យមានភាពរីកចម្រើនជឿនលឿន។ សហការជាមួយអង្គការដៃគូសប្បុរសជននិងរដ្ឋបាលស្រុក ដើម្បីធ្វើផែនការអភិវឌ្ឍភូមិឃុំតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឱ្យភូមិឃុំមានសុវត្ថិភាពគ្រប់ពេលវេលា។ពង្រឹងពីតួនាទីភារកិច្ចដល់ក្រុមការងារក្នុងមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយពីបញ្ហាប្រឈម ដំណោះស្រាយនិងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាកន្លងមក។
ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រនិងជំរុញសម្រេចនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ឱ្យកាន់តែដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ឃឹង នុភាព ក៏បានក្រើនរំលឹកដល់អាជ្ញាធរត្រូវបន្តសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួនធ្វើពិសេសថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នាសហការគ្នា ដើម្បីជួយដោះស្រាយនូវការលំបាកផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមអគតិមួយចំនួន នៅតាមតំបន់មូលដ្ឋានដែលស្ថានភាពនេះធ្វើឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់អស់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ។