វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៥
(កំពង់ធំ)÷នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈ ស្តីពីសកម្មភាពការងាររបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបង្ហាញលទ្ធផលការងារ ការចូលរួម និងបញ្ចេញយោបល់ពីសាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីបន្តបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងតំបន់។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត . ឯកឧត្តមលោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត .អភិបាល អភិបាលរង នៃគណៈអភិបាលស្រុក ស្រុកស្ទោង.ស្រុកសណ្ដាន់. ស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ និងក្រុមប្រឹក្សាឃុំ អ្នកតំណាងពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។
វេទិកានេះមានគោលបំណងសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្នុងរយៈពេលកន្លងមក រួមទាំងការពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់យោបល់ស្ថាបនាដល់ការងារពេលអនាគត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកឡើងថា ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ បានអនុវត្តន៍យុទ្ធសាស្ត្រនានា ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលក្នុងតំបន់ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការតាមដានគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ និងការគាំទ្រដល់សាធារណជនក្នុងការដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
ក្នុងវេទិកានេះ ផងដែរប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានលើកយោបល់សំណើសុំជាច្រើនដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងធនធានធម្មជាតិ ការពង្រឹងសេវាសាធារណៈ និងការបង្កើតឱកាសការងារសម្រាប់យុវជនក្នុងខេត្ត។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមក្រុមប្រឹក្សាខេត្តបានអះអាងថា នឹងយកយោបល់ និងសំណើរបស់សាធារណជនទាំងនេះមកពិចារណា និងបញ្ចូលក្នុងផែនការប្រតិបត្តិការបន្ទាប់ ដើម្បីធានាថាការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ បន្តឆ្ពោះទៅរកភាពប្រសើរជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ។
គួរបញ្ជាក់ផងដែរថា វេទិកាផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នេះត្រូវបានប្រារព្ធធ្វើឡើងទាំងបួនស្រុកក្នុងថ្ងៃ ខែ ឆ្នាំដដែល ក្នុងនោះមានស្រុកស្ទោង.ស្រុកកំពង់ស្វាយ.ស្រុកសណ្ដាន់និង ស្រុកប្រាសាទសំបូរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។
































![]()
