បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីនីតិវិធីដាក់យោធិនឲ្យចូលសោធននិវត្តន៍ របស់ស្ថាប័នកងឯកភាពចំណុះកងទ័ពជើងគោក ឆ្នាំ២០២៦
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីនីតិវិធីដាក់យោធិនឲ្យចូលសោធននិវត្តន៍របស់ស្ថាប័ន កងឯកភាព ចំណុះកងទ័ពជើងគោក ប្រចាំឆ្នាំ ២០២៦ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រប់ស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យ៉ាងច្រើនកុះករ ផងដែរ ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយកាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីណែនាំលេខ០០៣/២០២៦ សណន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់អំពីនីតិវិធី មួយចំនួននៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍ តាមការកំណត់នៃច្បាប់ និងយោធិនដែលមានសុខភាពទ្រុឌទ្រោម បាត់បង់សមត្ថភាពបំពេញការងារ និងមានគ្រប់តាមលក្ខខណ្ឌកំណត់នៃច្បាប់ស្ដីពីការដាក់យោធិនឲ្យចូលសោធននិវត្តន៍ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាផ្នែកមួយសំដៅពង្រឹងបង្កើនសមត្ថភាព ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ។ជាមួយនេះដែរក៏បានណែនាំដល់ស្ថាប័នជំនាញការិយាល័យទី១ ត្រូវរៀបចំបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យលក្ខណៈសម្បត្តិ និងនីតិវិធីក្នុងការដាក់យោធិនឲ្យចូលសោធននិវត្តន៍ ដើម្បីបំពេញភារកិច្ចឲ្យទទួលបានជោគជ័យស្របតាមសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងការណែនាំរបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវផ្សព្វផ្សាយជូនយោធិនក្រោមឱវាទ ដែលមានគ្រប់លក្ខណៈសម្បត្តិ ដែលត្រូវចូលសោធននិវត្តន៍ឲ្យបានជ្រួតជ្រាប នឹងត្រូវបំពេញឯកសារគ្រប់គ្រាន់ ដើម្បីដាក់ជូនអង្គប្រជុំថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីវាយតម្លៃ និងសុំការសម្រេចពីថ្នាក់ដឹកនាំ តាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះយោធិន ដែលមានគ្រប់លក្ខណៈសម្បត្តិ ត្រូវដាក់ឲ្យចូលសោធននិវត្តន៍ តាមការណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលកន្លងទៅបងប្អូនបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបម្រើជាតិ និងមាតុភូមិ ដោយបានពុះពារគ្រប់ការលំបាកនានា ក្នុងការការពារបូរណៈភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយរក្សាការពារបានសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត នាពេលកន្លងទៅ ។ ហើយក្នុងនាមអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ រង់ចាំទទួល និងបម្រើបងប្អូន ដោយស្មោះត្រង់ ក្នុងនាមជាអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យអ៊ិមញឹប។









![]()
