ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ត្រូវគ្រប់គ្រង និងទប់ស្កាត់បទល្មើសស្គេមអនឡាញនិងជនបរទេសដែលស្នាក់នៅ.ប្រកបអាជីវកម្មខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកស្ទោងឱ្យខានតែបាន
(កុំពង់ធំ)÷ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវគ្រប់គ្រង ទប់ស្កាត់បទល្មើសស្គេមអនឡាញ និងជនបរទេសដែលស្នាក់នៅនិងប្រកបអាជីវកម្មខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកស្ទោងឱ្យខានតែបាន លោក សាយ គឹមឡម បានដាក់បញ្ជាដូច្នេះ ក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមេសា កាលពីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលស្រុកស្ទោង។
លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ ក្មេងទំនើង ជាពិសេសគឺការគ្រប់គ្រងនិងប្រើប្រាស់ បែបអាណាធិបតេយ្យឬពុំមានច្បាប់អនុញ្ញាតប្រើប្រាស់ពីអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ពីសំណាក់ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងមូលដ្ឋានរបស់យើង ។
លោកបន្ថែមថាគ្រឿងញៀន គឺជាបញ្ហាក្តៅគគុក និងស្រួចស្រាវមួយ ដែលតែងតែប្រើប្រាស់ដោយក្មេងទំនើង និងឈានទៅប្រើប្រាស់អំពើអាណាធិបតេយ្យ អំពើអាណាចារនិងបង្ករអសន្តិសុខ សព្វបែបយ៉ាងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត ។
ជាមួយនេះផងដែរ លោកបានដាក់បញ្ជាថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធជំនាញបរិស្ថាន ជលផល ធនធានធម្មជាតិ ព្រៃឈើ មច្ឆជាតិ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យខាងតែបាន សំដៅធានាបាននៅធនធានធម្មជាតិបានគង់វង្សជាកេរ្តិ៍ដំណែល រួមសម្រាប់កូនចៅជំនាន់ក្រោយ។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងការិយាល័យជំនាញពាក់ព័ន្ធ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារ ជាពិសេសការផ្ដល់សេវាការ និងធ្វើរបាយការណ៍ប្រចាំថ្ងៃ ការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានសាធារណៈតាមដងផ្លូវ ជាពិសេសត្រូវគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិសាធារណរដ្ឋដូចជាសូឡាដែលបានបំពាក់ជូននៅតាមដងផ្លូវឱ្យបានល្អប្រសើរថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យអ៊ុមញឹប។











![]()
