លោកវរសេនីយ៍ទោ យន់ ឆៃយ៉ា អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ឧបត្ថម្ភ ជូនសពមន្ត្រីនគរបាលជាតិ
(កំពង់ធំ)៖ល្ងាចថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ យន់ ឆៃយ៉ាស្នងការរងតំណាង លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជា បានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។
ពិធីនេះដែរ មានការចូលរួមអមដំណើរដោយលោកវរសេនីយ៍ឯក ថុន ប៊ុនថេន នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ឯក ឃួន វុទ្ធីអធិការនគរបាលស្រុកប្រាសាទសំបូរ អស់លោក លោកស្រី អធិការរង នាយ នាយរងផ្នែកចំណុះឱ្យអធិការដ្ឋាននគរបាលស្រុក ចូលរួមប្រមាណ ៣០នាក់។
លោកអនុសេនីយ៍ឯក ឈួន ហេន នាយរងផ្នែក នៃអធិដ្ឋាននគរបាលស្រុកប្រាសាទសំបូរ បានទទួលមរណភាព កាលពីវេលាម៉ោង ១៧ និង ៣០នាទី នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៥ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិ ឈូកគ្រួស ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ យន់ ឆៃយ៉ា ស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះការបាត់បង់ មេគ្រួសារ ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហាធម៌ និងជាមន្ត្រីគំរូមួយរូប ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដែលអ្នកផងទាំងពួង គោរពស្រឡាញ់ ។
ឆ្លៀតក្នុងឱកាស ដ៏សែនក្តុកក្តួលក្រៀមក្រំនោះ លោកស្នងការរង បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់លោក ឈួន ហេន ចំពោះជាតិមាតុភូមិ នារយៈពេលកន្លងមក លោកបានគោរពគោលការ បទបញ្ជា របស់ថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តយ៉ាងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្ត តួនាទី ភារកិច្ចជំនាញ និងកិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។
លោកស្នងការរង បានជម្រាបជូនគ្រួសារសពថា បន្ទាប់ពីមរណភាពលោក ឈួន ហេន មន្ត្រីនគរបាលទទួលការងារជំនាញការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានថវិកា មួយចំនួនបន្ថែមទៀត ដើម្បីឧបត្ថម្ភ ជូនគ្រួសារលោកស្រី ។
លោកស្នងការរង បានប្រគល់ : -ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០រៀល,-ថវិកា មិត្តរួមមិត្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថវិកា ១,០០០,០០០រៀល,-អង្ករ ៥០ គីឡូក្រាម,-ភេសជ្ជៈទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មួយចំនួនទៀត ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមចំណាយដោះស្រាយក្នុងពិធីបុណ្យ ។អត្ថបទ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។









![]()
