ប្រធានកម្រងអង់ឃ្លាំ ដឹកនាំលោកគ្រូអ្នកគ្រូ ចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង
(កំពង់ធំ)÷ លោក ញង កង ប្រធានកម្រងអង់ឃ្លាំ និងលោកគ្រូអ្នកគ្រូនៅក្នុងកម្រងអង់ឃ្លាំ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង សរុប២៦នាក់ ស្រី១៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
លោក ញង កង បានបង្ហាញពីគោលបំណងសំខាន់ៗពីស្មារតីមនុស្សធម៌ និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមចូលរួមចំណែកក្នុងការសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់។ ជំរុញឱ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម ជាគំរូល្អសម្រាប់សហគមន៍ និងសិស្សានុសិស្សឱ្យចូលរួមសកម្មភាពសង្គមបង្កើនសាមគ្គីភាព និងភាពរួបរួមក្នុងក្រុមគ្រូបង្រៀន និងសហគមន៍។
លោកប្រធានកម្រងអង់ឃ្លាំ បានលើកឡើងបន្ថែមទៀតថាដើម្បីឱ្យការបរិច្ចាកឈាមនេះមានប្រសិទ្ធភាពត្រូវបង្កើតប្រព័ន្ធផ្គត់ផ្គង់ឈាមឱ្យមានស្ថិរភាព និងគ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ។ ជំរុញវប្បធម៌ស្ម័គ្រចិត្ត និងការចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅក្នុងសហគមន៍ បង្កើនគុណភាពសេវាសុខាភិបាល និងការឆ្លើយតបទាន់ពេលវេលាចំពោះករណីបន្ទាន់បង្កើតបណ្តាញអ្នកបរិច្ចាគឈាមដែលមានភាពសកម្ម និងចីរភាព។
លោក ញង កង ប្រធានកម្រងអង់ឃ្លាំ បានលើកទឹកចិត្ត និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមជាសកម្មភាពដ៏មានតម្លៃនេះ បង្ហាញពីចិត្ត សប្បុរសធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ចំពោះសង្គម។ ការបរិច្ចាគឈាមរបស់លោកគ្រូអ្នកគ្រូ មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូល្អ សម្រាប់សិស្សានុសិស្ស និងសហគមន៍ទាំងមូលឱ្យមានការចូលរួមក្នុងសកម្មភាពមនុស្សធម៌ផងដែរ។ អត្ថបទលោក ញង កង ប្រធានកម្រងអង់ឃ្លាំ-ពិនិត្យដោយអ៊ុមញឹប។









![]()
