រដ្ឋបាលខេត្តកំពង់ធំទទួលបានផ្ទាំងប៉ាណូអិលអីឌី (LED) ដ៏ទំនើបនៅលើដងស្ទឹងសែន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលផ្ទាំងប៉ាណូអិលអីឌី (LED) ជូនរដ្ឋបាលខេត្តកំពង់ធំ ដែលជាសមិទ្ធផលថ្មីឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ផ្ទាំងប៉ាណូអិលអីឌី (LED) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការផ្សព្វផ្សាយព័ត៌មាន សកម្មភាព សមិទ្ធផល និងកម្មវិធីអភិវឌ្ឍន៍នានារបស់រដ្ឋបាលខេត្ត ព្រមទាំងសេចក្តីជូនដំណឹង និងសារអប់រំសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងសាធារណជន ដែលធ្វើដំណើរកម្សាន្តនៅតំបន់ដងស្ទឹងសែន។
ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈ ដែលបានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្ត តាមរយៈការឧបត្ថម្ភផ្ទាំង LED ដ៏មានសារៈប្រយោជន៍នេះ។ ឯកឧត្តមបានចាត់ទុកការចូលរួមរបស់វិស័យឯកជនជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែទំនើប ស្របតាមការរីកចម្រើនរបស់ខេត្តកំពង់ធំ។
គួរបញ្ជាក់ផងដែរថា ផ្ទាំងប៉ាណូអិលអីឌី (LED) ដែលបានដំឡើងនៅលើដងស្ទឹងសែននេះ មានទំហំ ១២ម៉ែត្រ x ២៤ម៉ែត្រ និងបំពាក់ដោយបច្ចេកវិទ្យាទំនើប អាចបង្ហាញរូបភាព និងវីដេអូប្រកបដោយគុណភាពច្បាស់ខ្ពស់ នេះមិនត្រឹមតែជួយពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនភាពទាក់ទាញផ្នែកទេសចរណ៍ និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពង់ធំក្នុងយុគសម័យឌីជីថលផងដែរ៕អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ















![]()
