ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលនៃការប្រឡងល្អប្រសើរនិងជំនាញបច្ចេកទេស យកទៅអភិវឌ្ឍមូលដ្ឋាន
(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា បានបំផុសគំនិត និងអំពាវនាវយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសផ្តោតលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាទុនដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងមូលដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើន។
ឯកឧត្តមបានលើកទឹកចិត្តបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាល ជាមួយលោកនាយក លោកគ្រូអ្នកគ្រូសិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) និងលើកទឹកចិត្តដល់សិស្សានុសិស្ស កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ចាន់ យុត្ថា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងយុគសម័យឌីជីថល និងការរីកចម្រើននៃបច្ចេកវិទ្យា យុវជនមិនត្រឹមតែត្រូវការចំណេះដឹងទូទៅនោះទេ ប៉ុន្តែជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏រឹងមាំមួយ ដែលជួយឱ្យយុវជនមានឱកាសការងារខ្ពស់ និងអាចបង្កើតមុខរបរដោយខ្លួនឯងបានយ៉ាងងាយស្រួល។
ទន្ទឹមនឹងនេះ ការរៀនសូត្រឱ្យមានចំណេះដឹងពិតប្រាកដ និងមានជំនាញច្បាស់លាស់ក្នុងដៃ គឺជាការកសាងអនាគតខ្លួនឯងផង និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ហើយមូលដ្ឋានមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យទៅលើធនធានមនុស្សដែលមានសមត្ថភាព។ នៅពេលដែលសិស្សានុសិស្សមានចំណេះដឹង និងបច្ចេកទេសខ្ពង់ខ្ពស់ ពួកគេនឹងក្លាយជាកម្លាំងបន្តវេនក្នុងការអភិវឌ្ឍភូមិ-ឃុំរបស់ខ្លួន ដោយមិនបាច់ពឹងផ្អែកតែលើកម្លាំងពលកម្មពីខាងក្រៅនោះឡើយ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួនដល់សិស្សានុសិស្ស រួមមានប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌៖ រក្សាខ្លួនឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ការចេះចាប់យកឱកាស ស្វែងយល់ពីវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលរាជរដ្ឋាភិបាលកំពុងជំរុញ ការរៀនសូត្រពេញមួយជីវិត៖ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងជានិច្ច មិនថាក្នុង ឬក្រៅសាលារៀន។
ជាចុងបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណដល់ លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងមាតាបិតាគ្រប់រូប ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការអប់រំទូន្មានប្រដៅណែនាំកូនចៅ ហើយឯងឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភដល់វគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រនូវទឹកប្រាក់ចំនួន៤លានរៀល និងថវិកាអភិវឌ្ឍសាលារៀន ១លានរៀល និងបានសន្យាផ្ដល់រង្វាន់លើកទឹកចិត្តបន្ថែមទៀតដល់ សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់និទ្ទេសAថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង ពិនិត្យដោយលោក ធូ កែវមុន្នី






















![]()
