បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការក្រុងកំពង់ធំ យោធភូមិភាគទី ៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្តាកងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករ ។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ និងសេចក្តីព្រាងស្ដីពីទិសដៅសម្រាប់អនុវត្តបន្តផងដែរ។
បន្ទាប់ពីអង្គប្រជុំបានឡើងធ្វើបទអន្តរាគមន៍ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លៃងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានប្រគល់ជូន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងវិន័យ តួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តបន្ត មានជាអាទិ :
ទី១: មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនក្រោមឱវាទគ្រប់រូប ត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីអន្តរាគមន៍តាមបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ ទី ២ ៖ កងម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅគ្រប់គោលដៅ ត្រូវសហការគ្នាឲ្យបានល្អ ជាកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវការពារឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ។ ដោយឡែកការបង្ក្រាបបទល្មើសនេសាទ ត្រូវតែការពារឲ្យបានតំបន់អភិរក្សពូជត្រី និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទនេះ ដើម្បីធ្វើឲ្យផលត្រីសំបូរឡើងវិញ បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនយើង ។ និងទី ៣ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរដែនដី កងកម្លំាងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ ជាមួយនេះដែរត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តន៏ជន នៅខេត្តកំពង់ធំឲ្យបានល្អប្រសើរ ព្រមទាំងបន្តការសាងសង់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា ជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះនៅតាមមូលដ្ឋាននានា ដេីម្បីបងប្អូនរស់នៅបានសមរម្យ និងកសាងជីវភាពរស់នៅថ្មីឲ្យបានល្អប្រសើរឡើង ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។








![]()
