ប្រជាពលរដ្ឋ៥៣គ្រួសារ ទទួលការអប់រំផ្សព្វផ្សាយ ពីវិធានការ ការពារជំងឺមិនឆ្លង ទាំង៤ប្រភេទធំៗ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពីវិធានការការពារ ជំងឺមិនឆ្លងទាំង៤ប្រភេទធំៗ មាន (ការជួយសង្គ្រោះបឋម ជនរងគ្រោះស្លាក់ ជនរងគ្រោះលង់ទឹក ជនរងគ្រោះហូរឈាម) និងវិធានការ ការពារជំងឺគ្រុនឈាម ក្រោមការសម្របសម្រួល របស់លោកស្រី ឡេង សុឃីម នាយិការង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ និងមន្ត្រីអនុសាខា ជូនដល់ប្រជាពលរដ្ខ សរុបចំនួន៥៣គ្រួសារ នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីនាយិការង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក ពីចម្ងាយ អំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានទីនេះទាំងអស់។
លោកស្រីនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបង្ហាញពីគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលនៅក្នុងសហគមន៍ទាំងអស់ យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លង ដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងការពារ ផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺcovid ១៩ ,ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកស្រីនាយិការង បានគូសបញ្ជាក់ថា ដើម្បីឱ្យសហគមន៍មានសុខភាពល្អ យើងត្រូវដឹងអំពីជំងឺ ដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើង ជារៀងរាល់ថ្ងៃមាន ដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម។ ស្របតាមទិសស្លោក(ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី)។
លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ គឺដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុ សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា៖ ចូលរួមកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ចូលរួមដាំកូនឈើ នៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី។ ក្នុងពេលនោះផងដែរ លោកស្រីក៏បានផ្សព្វផ្សាយបន្ថែមអំពីវិធានការ ការពារជំងឺគ្រុនឈាម ការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ ការហូរឈាម ការជួយសង្រ្គោះជនរងគ្រោះលង់ទឹក ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។












![]()
