ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនសោធននិវត្តន៍
ខេត្តកំពង់ធំ៖ នៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ម៉ែន សារឿន អាយុ ៧១ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ ។ ដែលពិធីនេះប្រព្រឹត្តិទៅនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោ ធិបតី ថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកអនុសេនីយ៍ឯក ម៉ែន សារឿន ដែលធ្លាប់បានចូលបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៥ នៅអង្គភាព អធិការដ្ឋាននគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវបានក្រសួងមហាផៃ្ទ ដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១០ ។ ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ម៉ែន សារឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់ថា៖ អតីតយុទ្ធជន ដែលបានមករស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦គ្រួសារ មានរយៈពេល ៥ឆ្នាំកន្លងមកហើយ ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណភាពអស់ចំនួន ២០នាក់ រួចមកហើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។









![]()
