កិច្ចប្រជុំត្រួតពិនិត្យចំណុចខ្លាំង ចំណុចខ្សោយ ការដាក់ចេញនូវទិសដៅអនុវត្តបន្ត និងការប្រគល់ស្បៀងអាហារ ប្រេងឥន្ធនៈ ថវិកា ជូនកងកម្លាំងចម្រុះ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ គ្រប់គ្រង ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ព្រមទាំងបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា ជូនដល់ទីបញ្ជាការស្រាលចំនួន ១៧គោលដៅ នៃការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង និងជាអនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗ ដែលកងកម្លាំងចម្រុះ អនុវត្តសម្រេចបាន ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅមានជាអាទិ៖ បានរកឃើញ និងដករហូតដីព្រៃឈើរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ បានចំនួន៤,០៣១ហិកតា ។ រឹបអូសមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ ចំនួន ១៩០គ្រឿង- និងរណាយន្តចំនួន ១២៤គ្រឿង. ។ មធ្យោបាយប្រព្រឹត្តបទល្មើសនេសាទ កាណូត ចំនួន ៣៧គ្រឿង ។ បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ អួនក្រឡាញឹក និងស្បៃមុងបានប្រវែង ២០៩, ៤៨៨ម៉ែត្រ និងសហការចាប់ឃាត់ ការដឹកជញ្ជូនលៀសខុសច្បាប់ ចំនួន ០៨គ្រឿងនិងចាក់លែងលៀសចូលក្នុងទន្លេបានចំនួន ជាង ៣៣តោន ។ សរុបក្នុងប្រតិបត្តិការនេះ កងកម្លាំងបានចាប់ឃាត់ខ្លួន ជនសង្ស័យប្រព្រឹត្តបទល្មើសបញ្ជូនទៅសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់បានចំនួន ៥០ នាក់ ។
លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្លាំងចម្រុះ ពិសេសកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយស្ថាប័ន មន្ទីរពាក់ព័ន្ធ រួមជាមួយកម្លាំងចម្រុះ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានជោគជ័យគួរជាទីមោទនៈ ហើយជាមួយនោះដែរ កងកម្លាំងប្រដាប់អាវុធទាំងបី បានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញ នៅលើផ្ទៃដីដែលបានដកហូតពីជនល្មើស និងបានសំណូមពរដល់កងកម្លំាងចម្រុះដេីម្បីបន្តចូលរួមសហការគ្នាបន្តទៅទៀតដេីម្បការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយស្ថាប័ន មន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ។ ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានដឹកនាំបញ្ជា និងគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារៈ ថវិកា មធ្យោបាយ និងប្រេងឥន្ធនៈ ក្នុងសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទើបយើងទទួលបានជោគជ័យនៅពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដេីម្បីអនុវត្តន៍បន្ត និងបានប្រគល់ជូន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីវង្សី វិស្សុត ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ដើម្បីបម្រើសង្គមជាតិ និងផលប្រយោជន៍របស់ប្រជាជន យើង ដោយគ្មានការដកថយឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។