ឯកឧត្តមបណ្ឌិត សួង ណយ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ របស់សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី
(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍
លោក សៀ ឡុងធារ័ត្ន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ លោក ម៉ី វាតា ប្រធានកម្មវិធីរបស់អង្គការ Uni4Coop ប្រចាំប្រទេសកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារផលិតផលខ្មែរស្រុកបារាយណ៍ របស់សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភី ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ក្រោមការដឹកនាំរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់ចេញសកម្មភាពក្រុមការងារមាន៖
១. ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ២. ក្រុមការងារចល័តអន្តាគនមន៍ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
៣. ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
៤. ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូនដ្ឋាន និងទីផ្សារផលិតផលខ្មែរ
៥.ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ។
ជាមួយឱកាសនោះ ឯកឧត្តមបណ្ឌិត សួង ណយ បានមានប្រសាសន៍ថា សហគមន៍កសិកម្មបល្ល័ង្កសេដ្ឋាភីបានបង្កើតឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ និងបានចុះបញ្ជីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ បច្ចប្បន្ននេះ មានសមាជិកចំនួន៧៧២នាក់ ស្មើ៥៥២គ្រួសារ មកពីភូមិ៣១ ឃុំ៦ និងស្រុក៣។ ការរៀបចំផ្សារផលិតផលខ្មែរស្រុកបារាយណ៍នេះឡើង គឺជាការខិតខំប្រឹងប្រែងរួមគ្នារវាងសហគមន៍កសិកម្មបល្ល័ង្កសេដ្ឋភី និងអង្គការយូនីហ្វ័រខប(Uni4Coop) ក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ ក្រុមការងរលើកកម្ពស់ជីវភាពប្រជាជនាខេត្តកំពង់ធំ អាជ្ញាធរស្រុកបារាយណ៍ មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរភូមិឃុំ ដោយមានគោលបំណងសំខាន់ក្នុងការបង្កើតទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកសិកម្ម និងជំរុញឱ្យប្រជាពលរដ្ឋមានចំនុកចិត្តលើផលិតផលខ្មែរ។
ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីហ្វ័រខប ដែលបានផ្តល់ការគាំទ្រជាកញ្ចប់ថវិកា ការបណ្តុះបណ្តាល និងចំណេះដឹងផ្នែកបច្ចេកទេស អាជីវកម្ម និងការគ្រប់គ្រងសហគមន៍ ផ្តល់ឧបករណ៍ សម្ភារៈ និងវត្ថុធាតុដើមមួយចំនួនដល់សមាជិកសហមន៍។ តាមរយៈការសហការយ៉ាងជិតស្និទ្ធរបស់ភាគីទាំងអស់មានជំនឿ និងជឿជាក់ថា ផ្សារផលិតផលខ្មែរស្រុកបារាយណ៍នេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងចែកចាយដ៏សំខាន់មួយសម្រាប់ការផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាបង្កើនប្រាក់ចំណូល និងគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គាំទ្រប្រើប្រាស់ផលិតផលខ្មែរឱ្យបានគ្រប់ៗគ្នា ហើយយកទៅបរិភោគកុំឱ្យមានបញ្ហាដល់សុខភាព និងគ្មានជំងឺប្រចាំកាយផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។